សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា កម្ពុជានៅតែរក្សាភាពអព្យាក្រឹត្យជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ ពិសេសរវាងមហាអំណាចចិន និងអាមេរិក ពីព្រោះបទពិសោធប្រវត្តិសាស្រ្ត បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើកម្ពុជាលម្អៀងទៅភាគីណាមួយ ដោយប្រាសចាកនយោបាយអព្យាក្រឹត្យ កម្ពុជានឹងផុងខ្លួនទៅក្នុងវិបត្តិ និងសង្គ្រាម។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រៃវែង កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។
សម្ដេច ស ខេង ក៏បានឱ្យដឹងដែរថា ជារៀងរាល់ពេលដែលសម្ដេចទទួលជួបពិភាក្សាការងារជាមួយតំណាងប្រទេសជាមិត្តនានា សម្ដេចតែងតែសង្កត់ធ្ងន់ថា កម្ពុជាដាច់ខាត នឹងមិនដើរចេញពីគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុក្សនោះឡើយ ពីព្រោះកម្ពុជា មានបទពិសោធឆ្អែតឆ្អន់ហើយ កាលពីពេលអតីតកាល ដែលធ្លាប់ដើរផ្ទុយពីគោលការណ៍នេះ។
នៅឆ្នាំ២០១៩នេះ រដ្ឋមន្រ្តីមហាផ្ទៃបានទាញចំណាប់អង្គសន្និបាតថា គឺជាឆ្នាំដំបូងនៃការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ហើយជាមួយគ្នានេះ ក្រោយការបោះឆ្នោតឆ្នាំ២០១៨ កម្ពុជាមានស្ថានភាពអំណោយផលជាងពេលណាៗទាំងអស់ ដូច្នេះរដ្ឋបាលខេត្តទាំងមូល ត្រូវចូលរួមអនុវត្តឲ្យបាននូវផែនការគោលមួយចំនួន។
ផែនការទាំងនោះរួមមាន៖ ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងរក្សាឲ្យបាននូវបូរណភាពទឹកដី ប្រឆាំងដាច់ខាតនូវការប៉ុនប៉ងជ្រៀតជ្រែកពីខាងក្រៅតាមគ្រប់រូបភាព។ សម្ដេចបានចាត់ទុកការងារនេះ ជាភារកិច្ចស្នូលទូទាំងប្រទេស មិនមែនត្រឹមតែរដ្ឋបាលខេត្តព្រៃវែងនោះទេ៕
អត្ថបទ៖ សំភី
No comments:
Post a Comment