ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ទីតាំងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងធ្វើឡើងនៅក្នុងភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រលេខ ៣៩ ផ្លូវជាតិលេខ៤។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាថ្ងៃទី២២ ខែមីនាខាងមុខនេះ។
នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំសម្រាប់ពិធីបើកការដ្ឋានផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជា ដែលមានប្រវែងជាង ១៩០គីឡូម៉ែត្រនេះហើយ។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវសាងសង់ចេញពីម្តុំផ្លូវរទេះភ្លើង នៃតំបន់ទំនប់កប់ស្រូវ ស្ថិតនៅខាងស្តាំដៃផ្លូវជាតិលេខ៤ និងសាងសង់ស្របគ្នានឹងផ្លូវជាតិនេះ រហូតជិតដល់ទីរួមខេត្តកំពង់ស្ពឺ ទើបផ្លូវនេះឆ្លងកាត់ផ្លូវជាតិលេខ៤ ងាកមកខាងឆ្វេងដៃវិញ ហើយបន្តរហូតដល់ស្រុកព្រៃនប់ ទើបផ្លូវនេះងាកមកស្តាំដៃ រហូតដល់មាត់សមុទ្រនៃក្រុងព្រះសីហនុ។
កាលពីដើមខែមីនាកន្លងទៅ ក្រសួងសាធារណការ បានបង្ហាញរូបគំរូផ្លូវល្បឿនលឿននេះ ជាច្រើនសន្លឹក។
-គម្រោងផ្លូវល្បឿនលឿននេះ ឆ្លងកាត់ ៤រាជធានីខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពី ខេត្តព្រះសីហនុ ក្នុងនោះគឺឆ្លងកាត់ ៦ស្រុក ១ខណ្ឌ ២ក្រុង ៣១ឃុំ/សង្កាត់ និង១១០ភូមិ
-ប្រវែងសរុប ១៩០,៣៦៥គីឡូម៉ែត្រ
-សាងសង់ជា៤គន្លង សម្រាប់រថយន្ត (២ទៅ ២មក) និង២គន្លងសម្រាប់ម៉ូតូ (១ទៅ ១មក)
-ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០ ស.ម និងថ្មលាយកៅស៊ូ (ATB) ១២ ស.ម
-ពង្រីកទទឹងផ្លូវដល់ ២៤,៥ ម៉ែត្រ ខណ្ឌដោយសួនច្បារនៅកណ្ដាលទ្រូងផ្លូវ និងមានរបាំងអមសងខាងផ្លូវការពារសត្វ ឬមនុស្សឆ្លងកាត់
-មានកន្លែងសម្រាប់ឈប់សម្រាកចំនួន៤កន្លែង និងស្ថានីយប្រេងឥន្ធនៈ ៣កន្លែង។
-ហើយគ្រោងប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ៕
រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទ៖ សំភី
No comments:
Post a Comment