នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបទីតាំងប្រើប្រាស់ និងជួញដូរគ្រឿងញៀន កុំខ្លាចអ្នកនៅពីក្រោយ គឺរកឃើញភស្តុតាងចាប់តែម្តង ហើយបញ្ជូនទៅតុលាការដើម្បីវិនិច្ឆ័យទោសតាមច្បាប់។ ការបញ្ជានេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅការងារ ឆ្នាំ២០១៩ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា៖ «សូមបន្តជំរុញយុទ្ធនាការប្រឆាំងគ្រឿងញៀន ដកបទពិសោធ យើងត្រូវបង្ក្រាបលើបទល្មើសជាក់ស្តែងដែលយើងធ្វើនៅក្លឹបកម្សាន្តរ៉ក់ ក៏ប៉ុន្តែសូមឲ្យពិនិត្យទូទៅ មហិច្ឆិតារបស់យើង ឆន្ទៈរបស់យើង ភ្នំពេញត្រូវខិតខំធ្វើម៉េចពង្រួញទីផ្សារ ពង្រួញកន្លែងចែកចាយ ពង្រួញកន្លែងប្រើប្រាស់។ យើងកុំគិតថា កន្លែងណា កន្លែងរបស់អ្នកណា អ្នកណាការពារ កុំគិតអាហ្នឹង គិតតែរកភស្តុតាងឃើញពេលណា ចាប់ពេលហ្នឹង បញ្ជូនទៅផ្លូវច្បាប់ ដើម្បីវិនិច្ឆ័ទោសតាមច្បាប់ នេះជារឿងសំខាន់ណាស់ ឆន្ទៈមួយដែលយើងត្រូវប្តេជ្ញាចិត្ត»។
អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា ជំហានទី១ គេសង្កេតឃើញថា ទីកន្លែងដែលមានការប្រើប្រាស់គ្រឿងញៀនច្រើនជាងគេ គឺនៅក្នុងខណ្ឌចំការមន និងខណ្ឌដូនពេញ។ លោកនឹងដាក់បទបញ្ជាមួយ ឲ្យប្រឹងប្រែងជួយ និងផែនជំនាញរបស់ក្រុង ជួយតាមខណ្ឌ រកឲ្យឃើញភស្តុតាងចាប់ ហើយបន្តកិច្ចសន្យា បន្តការអប់រំ ជាមួយម្ចាស់ទីតាំងក្លឹបកម្សាន្ត ខារ៉ាអូខេ។
«គ្រាន់តែបារបារាំង កាសែតសរសេរជាងពីរពាន់ យើងធ្វើតែកន្លែងខ្មែរម៉េច កន្លែងបារាំងក៏ធ្វើដែរ ទោះបីបារាំង ចិន ណាក៏ដោយឲ្យតែនៅស្រុកខ្មែរ គឺច្បាប់ខ្មែរធ្វើ ត្រូវចាំចឹង តែសំខាន់សមត្ថភាពឯងនឹងធ្វើបានអត់ រកភស្តុតាងឃើញអត់ សំខាន់រកភស្តុតាងឲ្យឃើញ»។ នេះជាការលើកឡើងបន្ថែមរបស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន៕
អត្ថបទ៖ សោភា
No comments:
Post a Comment