ក្នុងចំណោមខ្សែភាពយន្តទាំង១៣០រឿងនោះ មានខ្សែភាពយន្តល្បីៗលំដាប់អន្តរជាតិមួយចំនួនដែលធ្លាប់ទទួលពានរង្វាន់ និងមិនទាន់ចាក់បញ្ចាំងនៅកម្ពុជា ក៏ត្រូវបានយកមកចាក់បញ្ចាំងដំបូងក្នុងព្រឹត្តិការណ៍វប្បធម៌លក្ខណៈអន្តរជាតិធំជាងគេនៅកម្ពុជានេះផងដែរ។
ខ្សែភាពយន្តទាំងនោះរួមមាន រឿង "ហ្វូណន" ជាភាពយន្តជាប់ពានរង្វាន់ក្នុងមហោស្រពភាពយន្តគំនូរជីវចលទីក្រុងអានស៊ី ប្រទេសបារាំង ឆ្នាំ២០១៨, រឿង“ ផ្នូរគ្មានឈ្មោះ" របស់អ្នកនិពន្ធខ្មែរលោក ប៉ាន់ រិទ្ធី បេក្ខភាពពានរង្វាន់អូស្ការឆ្នាំ២០១៩ តំណាងឲ្យកម្ពុជា, រឿង "តន្ត្រីជីវិត" មហោស្រពភាពយន្តអន្តរជាតិទីក្រុងតូក្យូ របស់អ្នកនិពន្ធ សុខ វិសាល និង ខេយលី សូ, រឿង “The Prey” (មហោស្រព ភាពយន្តអន្តរជាតិទីក្រុងប៊ូសាន ឆ្នាំ២០១៨) និងរឿង “ចងពៀរ” ដោយអ្នកនិពន្ធ អាមីត ឌូបី។
ក្រៅពីភាពយន្តដែលមិនធ្លាប់ចាក់បញ្ចាំងខាងលើ មហោស្រពឆ្នាំនេះ នៅមានខ្សែភាពយន្តពិសេសដែលនិយាយពីរបរប្រល័យពូជសាសន៍កម្ពុជាខ្នាតធំជាច្រើនរឿងផ្សេងទៀតដូចជារឿង "កង្វះរូបភាព" របស់លោក ប៉ាន់ រិទ្ធី, រឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" របស់តារាភាពយន្តហូលីវូដ លោកស្រី អេនជេលីណា ជូលី និងរឿងដំបូងគេបង្អស់របស់កម្ពុជាដែលទទួលបានពានរង្វាន់អូស្ការ រឿង "វាលពិឃាដ" របស់វេជ្ជបណ្ឌិត ហាំង ង៉ោ ដោយ អាស័រ ដុង ផងដែរ។
មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៩ ឆ្នាំ២០១៩នេះ នឹងចាប់ផ្ដើមពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែមីនា ដែលមានខ្សែភាពយន្ត១៣០រឿង មកពី ៣៧ប្រទេស នៅទូទាំងពិភពលោក ចាក់បញ្ចាំងនៅរោងភាពយន្តធំៗក្នុងរាជធានីភ្នំពេញ។ ក្នុងនោះរួមមាន រោងកុន មេជ័រស៊ីណេផ្លិចបាយស្មាត, លេជេន, ប្រែមស៊ីណេផ្លិច, មជ្ឍមណ្ឌលបុប្ផាណា, សាលមហោស្រពចតុមុខ និងសណ្ឋាគាររ៉ូសវូដ ការបញ្ចាំងនេះគឺចូលទស្សនាបានដោយសេរី៕
ចង់ដឹងកាលបរិច្ឆេទម៉ោងនិងថ្ងៃបញ្ចាំងរឿង សូមចូលទៅទំព័រ Facbook Cambodia International Film Festival
អត្ថបទ៖ លន ហ្សាឌីណា
No comments:
Post a Comment