ពេលនេះមានអ្នកប្រមាញ់ MH370 ម្នាក់ទៀតហើយបានប្រកាសថារកឃើញសាកសពយន្ដហោះMalaysia ដែលបាត់ខ្លួនយ៉ាង អាថ៌កំបាំងកាលពីជាង៤ឆ្នាំមុន កំពុងស្ថិតនៅកណ្ដាលព្រៃក្រាស់កម្ពុជា។
តាមគេហទំព័រ Daily Star ការរកឃើញនេះគឺគេពឹងពាក់លើសេវាផែនទី Online Yandex Maps របស់រុស្ស៊ី។អ្នកប្រើ Twitter មានឈ្មោះថា Ivan Panthe បានប្រកាសលើគេហទំព័រឯកជន៖«បានរកឃើញMH370លើផែនទី Yandex »។
Panthe ឱ្យដឹងថា ទីតាំងរកឃើញយន្ដហោះបាត់ខ្លួននេះគឺជាតំបន់ព្រៃដាច់ស្រយាលមួយនៅខេត្តពោធិ៍សាត់ ចម្ងាយប្រមាណ ១០០គីឡូម៉ែត្រភាគយ័ព្យរដ្ឋធានីភ្នំពេញរបស់កម្ពុជា។ម្ចាស់គណនីនេះនិយាយថា លទ្ធផលក្នុងការស្វែងរកលើ Yandex Mapsបង្ហាញឱ្យឃើញច្បាស់រូបរាងរបស់យន្តហោះមួយងាកក្បាលទៅខាងលិច ហើយមានពន្លឺភ្លឺពណ៌ក្រហមនៅជុំវិញផ្នែកកន្ទុយ។
Panthe និយាយបន្ថែមថា ការប្តូរផែនទីបង្ហាញឱ្យឃើញយន្ដហោះសង្ស័យនេះមានប្រវែង៦៣,៧ម៉ែត្រគឺដូចគ្នានឹងប្រវែងយន្ដហោះBoeing 777-200 ដែលមានវាសនាដ៏អាក្រក់នោះ។


ការរកឃើញត្រូវបានប្រកាសមួយសប្ដាហ៍បន្ទាប់ពីអ្នកជំនាញការបច្ចេកវិជ្ជាអង់គ្លេស Ian Wilson បានប្រកាសថាឃើញសាកសពMH370 នៅទីតាំងមួយផ្សេងក្នុងព្រៃក្រាស់ប្រទេសកម្ពុជាដែរ ប៉ុន្ដែនៅប៉ែកខាងលិចរដ្ឋធានីភ្នំពេញប្រមាណ៩៥ ,៦គីឡូម៉ែត្រ ដោយលោកបានប្រើផែនOnline Google Earth។
ទីតាំងដែលលោក Ian បានលើកឡើងស្ថិតនៅចម្ងាយពីទីតាំងលោកPanther រកឃើញប្រមាណ១៧,៧គីឡូម៉ែត្រ ហើយសុទ្ធសឹងនៅផ្នែកម្ខាងនៃជួរភ្នំបែងចែកព្រំដែនរវាងខេត្តពោធិ៍សាត់និងកំពង់ស្ពឺរបស់កម្ពុជា។
ការប្រកាសថ្មីនេះកំពុងដុតកម្ដៅឡើងវិញនូវកិច្ចប្រឹងប្រែងបំភ្លឺករណីយន្ដហោះបាត់ស្រមោលដ៏អាថ៌កំបាំងបំផុតក្នុងប្រវតិ្ដសាស្ដ្រពិភពលោក។
មុននោះដែរការសែតGlobal Times ឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិជ្ជាផ្កាយរណប Chang Guang របស់ចិនបានប្រើប្រាស់ ផ្កាយរណបរុករកចំនួន១០នៅតំបន់ដែល Ian Wilson បានចង្អុល ប៉ុន្ដែនៅពុំទាន់ទទួលបានរូបភាពណាមួយអំពីMH370 ឡើយ។រដ្ឋាភិបាលចិនក៏បានជួលក្រុមហ៊ុន Space View ប្រមូលផ្ដុំស្វែងរកយន្ដហោះនេះ ប៉ុន្ដែពុំទទួលបានដំណឹងអ្វីឡើយ។
គួររំលឹកថា យន្ដហោះBoeing 777-200 មានលេខសម្គាល់MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលដឹកអ្នកដំណើរនិងក្រុមហោះហើរសរុបមានចំនួន២៣៩នាក់បានបាត់ស្រមោលសូន្យឈឹងនៅថ្ងៃទី៨ ខែមីនាឆ្នាំ២០១៤ ខណៈពេលកំពុងធ្វើដំណើរពីKuala Lumpur (Malaysia)ឆ្ពោះទៅកាន់ប្រទេសចិន៕




ប្រភពអត្ថបទ៖ CEN
No comments:
Post a Comment