លោក Zhou Keqin អនុប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ បក្សនយោបាយប្រជាជនចិន នៃគណៈកម្មាធិការក្រុង Chongqing បានយល់ព្រមលើសំណើរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការសិក្សារៀបចំផែនការអភិវឌ្ឍប្រព័ន្ធរថភ្លើងទំនើបប្រភេទ Monorail នៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងពង្រីកទំនាក់ទំនងឡូជីស្ទីករវាងប្រទេសទាំងពីរ ។ ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅក្រុង Chongqing ប្រទេសចិន។
ជំនួបនេះ បានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងក្រុង Chongqing ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ជាពិសេសលទ្ធភាពនៃការអភិវឌ្ឍប្រព័ន្ធរថភ្លើងទំនើបប្រភេទ Monorail នៅកម្ពុជា និងការជួយពង្រឹងសមត្ថភាពធនធានមនុស្សរបស់កម្ពុជា។
ក្រៅពីនេះ ភាគីទាំង២ ក៏បានពិភាក្សាពីការតភ្ជាប់ច្រករបៀងប៉ែកខាងត្បូង រវាងប្រទេសចិន ក្រុង Chongqing ប្រទេសសិង្ហបុរី ប្រទេសវៀតណាម និងប្រទេសកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជា-ចិន និងប្រទេសក្នុងតំបន់។
លោក Zhou ក៏បានឯកភាពតាមសំណើរបស់លោកទេសរដ្ឋមន្ត្រីផងដែរ លើកិច្ចសហប្រតិបត្តិការ នៃការកសាង និងពង្រឹងសមត្ថភាពមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយសន្យាថា នឹងពិនិត្យលទ្ធភាព ផ្តល់ជូននូវគ្រូបណ្តុះបណ្តាលជំនាញពីក្រុង Chongqing ទៅកម្ពុជា និងរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ សម្រាប់ផ្លាស់ប្តូរបទពិសោធន៍ និងឱកាសសិក្សាស្វែងយល់ទៅវិញទៅមក ព្រមទាំងលទ្ធភាពនៃការផ្តល់ជូនអាហារូបករណ៍ ទៅដល់និស្សិតកម្ពុជាផងដែរ។
ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល សង្ឃឹមជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ នឹងចូលរួមជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនឈានឡើងមួយកម្រិតទៀត៕
អត្ថបទ៖ សំភី
No comments:
Post a Comment