ជាស្ពានឫស្សីដែលមានប្រវែងប្រមាណ ១ពាន់ម៉ែត្រ សារព័ត៌មាន Dailymail ដ៏មានប្រជាប្រិយភាពរបស់អង់គ្លេស បានរៀបរាប់ថាជាស្ពានដ៏អស្ចារ្យធ្វើពីឫស្សី ៥០ ០០០ ដើម ភ្ជាប់ក្រុងកំពង់ចាម ឆ្លងទៅកោះប៉ែន ដែលមានផ្ទះប្រជាពលរដ្ឋប្រមាណ ១ ០០០ គ្រួសារលើកោះនោះ។
អ្វីដែលមិនគួរឲ្យជឿគឺ ស្ពាននេះត្រូវបានគេរុះរើ និង សាងសង់ឡើងវិញជារៀងរាល់ឆ្នាំ ពោលគឺធ្វើនៅរដូវប្រាំង និង រុះរើនៅរដូវវស្សា ហើយការរុះរើ និង ធ្វើឡើងវិញរបៀបនេះតមកអស់ជាច្រើនទសវត្សមកហើយ។ ប្រភពខាងលើបន្ត។
ស្ពានឫស្សីនេះមិនត្រឹមតែសម្រាប់អ្នកថ្មើរជើងដើរឆ្លងកាត់ទន្លេប៉ុណ្ណោះទេ ប៉ុន្តែវារឹងមាំគ្រប់គ្រាន់ឲ្យ កង់ ម៉ូតូ រថយន្ត និង ឡានដឹកទំនិញ ឆ្លងកាត់បានទៀតផង។
ប្រភពខាងលើបន្តថា អ្នកភូមិដែលចង់ឆ្លងកាត់ស្ពាននេះត្រូវបង់ប្រាក់ ១០០ រៀលដែលមានតម្លៃត្រឹម១កាក់ឬមួយសេន។ ភ្ញៀវទេសចរបរទេសតម្រូវឲ្យបង់លើសអ្នកក្នុងស្រុក៤០ដង (តម្លៃ១ដុល្លារ)។ រដូវវស្សា ពេលស្ពានឫស្សីមិននៅ អ្នកដំណើរជិះទូកដ ឬ សាឡាង ដើម្បីឆ្លងទន្លេ។
ទោះជាយ៉ាងណា គេក៏មិនច្បាស់ដែរថាប្រពៃណីនៃការសាងសង់និងរុះរើស្ពានឫស្សីនេះនឹងបន្តដល់ពេលណា។ កាលពីឆ្នាំមុនស្ពានបេតុងរបស់រដ្ឋាភិបាលកម្ពុជាត្រូវបានសាងសង់ឡើង នាំឱ្យមានការព្រួយបារម្ភថាស្ពានឫស្សីនឹងមិនមកវិញទេ។ Dailymail បន្ថែម។
អ្នកដំណើរម្នាក់ដែលបានទៅលេងខេត្តកំពង់ចាមកាលពីខែមេសាបានបញ្ជាក់ថាស្ពាននេះនៅតែមាន និង នៅតែរឹងមាំ ប៉ុន្តែ វាតូចជាងមុន៕
No comments:
Post a Comment