នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន បានថ្លែងថា សម្ដេចស្នើឲ្យកីឡាករ កីឡាការិនីកម្ពុជាទាំងអស់ ជៀសវាង ការប្រើប្រាស់សារធាតុប៉ូវកម្លាំង ក្នុងការប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡា Asian Games នៅប្រទេសឥណ្ឌូណេស៊ី។ ការលើកឡើងនេះ ត្រូវធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនី គ្រូបង្វឹក និងប្រតិភូកីឡាជាង ៧០នាក់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៦សីហានេះ។
សម្ដេច ហ៊ុន សែន ថ្លែងនាពេលកន្លងទៅ
សម្ដេច ហ៊ុន សែន បានលើកឡើងថា សម្ដេចមិនលើកទឹកចិត្តឲ្យប្រើប្រាស់សារធាតុប៉ូវកម្លាំង ដើម្បីយកប្រៀបលើគូប្រកួត ដើម្បីឈ្នះមេដាយនៅក្នុងព្រឹត្តិការណ៍នោះទេ។ នាយករដ្ឋមន្ត្រីបន្តថា ទោះបីជាមិនអាចឈ្នះមេដាយណាមួយក៏ដោយ ក៏វាជាសេចក្ដីថ្លៃថ្នូរមួយសម្រាប់ប្រទេសជាតិ ដោយការមិនប្រើប្រាស់សារធាតុប៉ូវកម្លាំង ជំនួយដល់ការប្រកួត។
សូមជម្រាបថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងបញ្ជូនកីឡា ១៣ប្រភេទ ទៅចូលរួមក្នុងព្រឹត្តការណ៍កីឡាអាស៊ី (Asian Games) នៅប្រទេសឥណ្ឌូណេស៊ី ដែលចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ពេលខាងមុខនេះ។
កីឡាករ កីឡាការិនី ចូលរួមពិធីសំណេះសំណាល នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ (រូបថត៖ គណនីហ្វេសប៊ុកផ្លូវការរបស់សម្ដេច ហ៊ុន សែន)
ខាងក្រោមនេះ ជាប្រភេទកីឡា និងចំនួនប្រតិភូ-កីឡាកររបស់កម្ពុជា រួមមាន៖
១. ចំបាប់ ៧ នាក់
២. តេក្វាន់ដូ ៨ នាក់
៣. កីឡាហែលទឹក ៤ នាក់
៤. កីឡាចាក់សាប ៥ នាក់
៥. កាយសម្ព័ន្ធ ២ នាក់
៦. កីឡាទូកក្ដោង ៤ នាក់
៧. ជិះស្គី ៣ នាក់
៨. Jujitsu ៣នាក់
៩. អត្តពលកម្ម ៦ នាក់
១០. ការ៉ាតេ ៣ នាក់
១១. សូហ្វតិន្នីស ៦នាក់
១២. យូដូ ៣ នាក់
និង១៣. ទូកកាណូ ៤ នាក់។
ក្នុងនោះក៏មានមន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកចំនួន ១០ នាក់ ដើម្បីអមដំណើរក្នុងព្រឹត្តិការណ៍លំដាប់ទ្វីបអាស៊ីនេះផងដែរ៕
អត្ថបទ៖ លាភ.
No comments:
Post a Comment