មធ្យោបាយធ្វើដំណើរសាធារណៈ និងឯកជន កាន់តែសម្បូរបែបនៅរាជធានីភ្នំពេញ។ កត្តានេះបានបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់ពលរដ្ឋ ព្រោះតម្លៃកាន់តែមានការប្រកួតប្រជែងគ្នា ហើយមានជម្រើសកាន់តែច្រើន។ ខាងក្រោមនេះជាសេវាដឹកជញ្ជូន ទាំងវិស័យសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ៖
១. រថភ្លើង
ខ្សែរថភ្លើងពីស្ថានីយទៅព្រលានយន្តហោះ បានក្លាយជាមធ្យោបាយធ្វើដំណើរថ្មីមួយសម្រាប់អ្នករាជធានីភ្នំពេញ។ ក្រោយដាក់ដំណើរការកាលពីថ្ងៃតី ១០ ខែមេសា កន្លងទៅ មានប្រជាពលរដ្ឋជាច្រើនតែងធ្វើដំណើរជារៀងរាល់ថ្ងៃ។ អ្វីដែលកាន់ពិសេសការធ្វើដំណើរមិនត្រូវបាគិតថវិកានោះទេ រហូតដល់ចុងខែកក្កដាឯណោះ។ ដំណឹងល្អមួយទៀត រថភ្លើងស៊េរីថ្មីកំពុងដំឡើងនៅប្រទេសម៉ិកស៊ីកូ នឹងត្រៀមមកប្រទេសកម្ពុជានៅពេលឆាប់ៗ។
២. កាណូត
មធ្យោបាយដឹកអ្នកដំណើរតាមផ្លូវទឹក គឺជាសេវាសាធារណថ្មីមួយទៀត សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយបញ្ហាកកស្ទះ និងចំណេញថវិកាក្នុងការធ្វើដំណើរ។
បច្ចុប្បន្នកាណូតដឹកដំណើរពីព្រែកព្នៅ-តាខ្មៅ-ភ្នំពេញ មានចំនួន៤គ្រឿង។ ក្នុងនោះ២គ្រឿងទិញពីប្រទេសវៀតណាម និង២គ្រឿងទៀតកាណូតចាស់ៗរបស់កម្ពុជា យកមកជួសជុល និងលាបពណ៌ឡើងវិញ។ ការដឹកដឹកជញ្ជូននេះ មានប្រវែង ២៥គីឡូម៉ែត្រ ដោយចំណាយពេលប្រមាណ៣៥នាទី។
កាណូតថ្មី មានចំណុះ ផ្ទុកអ្នកដំណើរ ៤៨នាក់ ដោយបំពាក់ម៉ាស៊ីនត្រជាក់។ រីឯកាណូតចាស់របស់ក្រសួង អាចផ្ទុកមនុស្ស ៦០ នាក់ ក្នុង ១គ្រឿង។ បងប្អូនអាចធ្វើដំណើរដោយមិនគិតថ្លៃ រហូតដល់ចុងខែកក្កដា ឆ្នាំ២០១៨។
៣. រថយន្តក្រុង
មានប្រជាពលរដ្ឋមួយចំនួន បានជ្រើសរើសមធ្យោបាយនេះសម្រាប់ធ្វើដំណើរ ទៅតាមគោលដៅរៀងៗខ្លួន ដូចជា៖ ទៅសាលា កន្លែងធ្វើការ ទៅផ្សារជាដើម។ មធ្យោបាយនេះ បានជួយសម្រួលដល់ការចំណាយទៅលើថ្លៃសាំង ហើយថែមទាំងមានផាសុកភាព និងសុវត្ថិភាពខ្ពស់ថែមទៀតផង។ ជាពិសេសនៅពេលឆាប់ៗខាងមុខសាលារាជធានីភ្នំពេញគ្រោងបន្ថែមរថយន្ត ៨០ គ្រឿងបន្ថែមទៀតជាជំនួយរបស់ជប៉ុន ដើម្បីបម្រើដល់ការដឹកជញ្ជូនអ្នកដំណើរ ។ ចំពោះតម្លៃក្នុងម្នាក់ ១៥០០រៀលប៉ុណ្ណ។
៤. រ៉ឺម៉កកង់បីខ្មែរ
រ៉ឺម៉កកង់បី ជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយម សម្រាប់អ្នករាជធានីភ្នំពេញជាច្រើនឆ្នាំមកហើយ។ មធ្យោបាយនេះ អាចជិះគ្នាជាក្រុមបានច្រើននាក់ ហើយក៏អាចផ្ទុកឥវ៉ាន់បានច្រើន។ ចំពោះតម្លៃទៅតាមទីតាំងជិត ឬឆ្ងាយ កំណត់ដោយអ្នករត់ផ្ទាល់មិនមានតម្លៃជាក់លាក់នោះទេ។ អ្នករត់កង់បីភាគច្រើនបានប្រាប់ថា ចំពោះតម្លៃមិនក្រោម១ម៉ឺនទេ ដោយសារត្រូវចាក់សាំងទើបរៀងថ្លៃបន្តិច។
៥. រ៉ឺម៉កកង់បីឥណ្ឌា
ដោយឡែករ៉ឺម៉កកង់បីឥណ្ឌា ក៏បងប្អូនខ្មែរជាអ្នករត់ដូចគ្នា ដោយសារវាមានប្រភពមកពីឥណ្ឌា ទើបជាប់ឈ្មោះថា រ៉ឺម៉កកង់បីឥណ្ឌា។ ជាមធ្យោបាយថ្មីមួយបែប ទើបតែលេចរូបរាង១ឆ្នាំជាងចុងក្រោយនេះប៉ុណ្ណោះ តែមានការពេញនិយមជាខ្លាំង។ វាប្រើថាមពលដោយហ្គាស ដូចនេះទើបតម្លៃធូរថ្លៃ ហើយថែមទាំងមានភ្ជាប់ប្រពន្ធបច្ចេកវិទ្យា អាចធ្វើកក់តាមទូរសព្ទ ដោយគ្រាន់តែមាន App ចង់ធ្វើដំណើរពេលណា គឺទៅយកដល់ទីតាំងតែម្ដង។ ចំពោះតម្លៃ ១គីឡូម៉ែត្រ ១២០០រៀល អ្នកដំណើរអាចចំណាយមិនដល់១ម៉ឺនទេ គឺអាចទៅដល់ទីតាំងហើយ។
៦. រថយន្តតាក់ស៊ី
បច្ចុប្បន្នរថយន្តតាក់ស៊ីស៊េរីទំនើប មានវត្តមានកាន់តែច្រើនឡើងនៅរាជធានីភ្នំពេញ។ សេវាមាន២៤ម៉ោងលើ២៤ម៉ោង អាចខលទៅយកដល់កន្លែង។ អ្នកដំណើរដែលជ្រើសរើសមធ្យោបាយនេះ ច្រើនតែអ្នកដំណើរពេលយប់ ជិតភ្លឺ ឬពេលថ្ងៃធម្មតាក៏មានដែរ។ ចំណែកឯតម្លៃ ទៅតាមទីតាំងជិតឆ្ងាយ ហើយមិនក្រោម១ម៉ឺនរៀលឡើយ។
៧. ម៉ូតូឌុប
ម៉ូតូឌុប នៅតែមានវត្តមានរាជធានីភ្នំពេញ ទោះបីមធ្យោបាយធ្វើដំណើរផ្សេងៗកំពុងវាយលុកខ្លាំងយ៉ាងណាក៏ដោយ។ យ៉ាងណាក៏ដោយ អ្នកប្រកបរបរនេះបានត្អូញត្អែរប្រាប់ Sabay ថាពិបាករកម៉ូយជាងពីមុន ព្រោះជិះម៉ូតូឌុប មិនអាចដាក់អីវ៉ាន់បានច្រើនជិះបានគ្នាតែម្នាក់ ហើយណាមួយក្ដៅទៀត។ ប៉ុន្តែក៏នៅតែមានអ្នកជិះ នៅពេលដែលគេប្រញាប់ខ្លាំង ហើយអស់ជម្រើស។
៨. ស៊ីក្លូ
ស៊ីក្លូជា មធ្យោបាយធ្វើដំណើរមានអាយុកាលជាងរយឆ្នាំមកហើយ ពោលគឺមានវត្តមានតាំងសម័យអាណានិគមនិយមបារាំងមកម្ល៉េះ។ បច្ចុប្បន្នស៊ីក្លូ នៅតែមានវត្តមាននៅរាជធានីភ្នំពេញ ហើយក៏ត្រូវបានរដ្ឋាភិបាលបន្តជួយជ្រោមជ្រែង ដើម្បីអភិរក្សមធ្យោបាយធ្វើដំណើរដ៏ពិសេសមួយនេះបន្តទៅទៀត។
ប្រធានសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ លោក អ៊ឹម សម្បត្តិ បានលើកឡើងថា រហូតមកដល់ថ្ងៃនេះ អ្នកធាក់ស៊ីក្លូចំនួន ៣០៨នាក់បានទទួលប័ណ្ណ និងប្រាក់ឧបត្ថម្ភពីមូលនិធិទ្រទ្រង់ និងអភិរក្សស៊ីក្លូដែលបង្កើតឲ្យរាជរដ្ឋាភិបាលបានហើយ ហើយចំនួននេះ នឹងកើនបន្ថែមទៀតនៅពេលខាងមុខ។
ប្រាក់ឧបត្ថម្ភសម្រាប់អ្នកធាក់ស៊ីក្លូនេះ បើក៣ដងក្នុងមួយខែ ដោយកំណត់ថ្ងៃទី១០ ទី២០ និងថ្ងៃទី៣០ គ្រប់ខែទាំងអស់។ ប្រាក់ដែលអ្នកធាក់ស៊ីក្លូទទួលបានមួយថ្ងៃគឺ៧ពាន់រៀល ដោយគិតលុយថ្ងៃបាយ៥ពាន់រៀល និង២ ពាន់រៀលថ្លៃជួលស៊ីក្លូ។ ប្រាក់ ឧបត្ថម្ភពីមូលនិធិ គឺត្រូវបានដាក់បញ្ចូលក្នុងគណនីវីងទាំងអស់៕
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
No comments:
Post a Comment