រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា និងរដ្ឋធានីប៉េកាំង នៃប្រទេសចិន ត្រូវបានបង្កើតជាទីក្រុងសម្ព័ន្ធមេត្រីភាព នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ឈី ជីង សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រចាំរដ្ឋធានីប៉េកាំង នៅសាលារាជធានីភ្នំពេញ។
កិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពរវាង ភ្នំពេញ-ប៉េកាំង គឺក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍទីក្រុង ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជា សេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថានជាដើម។
ប្រធានប្រតិភូទីក្រុងប៉េកាំង លោកស្រី ឈី ជីង បានថ្លែងបញ្ជាក់ថា ទំនាក់ទំនង ភ្នំពេញ-ប៉េកាំង បានឈានដល់ចំណុចស៊ីជម្រៅ គ្រប់វិស័យ តាមមាគ៌ា វិថីមួយ ខ្សែក្រវាត់មួយ និងស្របពេលខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំង២ផងដែរ។
សូមជម្រាបថា មកទល់ពេលនេះ មានទីក្រុងរបស់ចិនចំនួន ៧ហើយ ដែលបានចុះកិច្ចព្រមព្រៀង ចងសម្ព័ន្ធមេត្រីជាមួយរាជធានីភ្នំពេញ រួមមាន៖ ទីក្រុងសៀងហៃ ទីក្រុងគុនមីញ ទីក្រុងឆុងឈីង ទីក្រុងហឺហ្វេ ទីក្រុងវូហាន ទីក្រុងស៊ិនជិន និងទីក្រុងប៉េកាំង៕
អត្ថបទ៖ លីហៀង
No comments:
Post a Comment