ក្រសួងការពារជាតិ បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីកុំមានការភ្ញាក់ផ្អើលចំពោះសំឡេងស្នូរផ្ទុះ និងការចល័តយោធទ្ទោបករណ៍យោធា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ខាងមុខ។ នេះក៏ដោយសារតែកម្ពុជានឹងរៀបចំធ្វើសមយុទ្ធបាញ់គ្រាប់ពិត «ហនុមានមាស២០១៨» ស្ថិតនៅក្នុងខេត្តកំពត។
ក្រសួងការពារជាតិ បានបញ្ជាក់ថា ដើម្បីធានាសុវត្ថិភាពឲ្យលំហាត់សមយុទ្ធដំណើរការទៅដោយជោគជ័យ រដ្ឋលេខាធិការអាកាសស៊ីវិល និងអាជ្ញាធរដែនដី ដែលពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយព័ត៌មាន នៃការបាញ់គ្រាប់ពិតនេះ ព្រមទាំងហាមឃាត់ដល់ប្រជាពលរដ្ឋ មិនឲ្យចូលទៅក្នុងតំបន់សមយុទ្ធ ក៏ដូចជាហាមឃាត់ការហោះហើរឆ្លងកាត់តំបន់សមយុទ្ធ។
លំហាត់សមយុទ្ធបាញ់គ្រាប់ពិតនេះ នឹងធ្វើឡើងដោយមានកងវរសេនាតូចរថពាសដែក កងវរសេនាតូចរថក្រោះ T55 កងវរសេនាតូចកាំភ្លើងធំ និងមានការប្រើកាំភ្លើងយុទ្ធសាស្រ្ត BM ២១ កាំភ្លើង ១៥២មីលីម៉ែត្រ និង១២២មីលីម៉ែត្រ។ ក្នុងនោះ មានលំហាត់ទីបញ្ជាការ (កិច្ចការងារសេនាធិការ ការងារដឹកនាំប្រព័ន្ធបញ្ជា ថ្នាក់កងពលតូច និងដឹកនាំបញ្ជាថ្នាក់កងពលតូច), លំហាត់ទីលាន (ស៊ើបការណ៍ វិស្វកម្ម កាំភ្លើងធំបាញ់ប្រុងប្រៀបកម្ទេចខ្មាំង ការបំបែបរូបភាពកម្ទេចរថក្រោះ រថពាសដែកខ្មាំង) និងលំហាត់ចុងក្រោយ (ផែនការទប់ទល់ខ្មាំងវាយបក...)។
ទីលានលំហាត់សមយុទ្ធបាញ់គ្រាប់ពិត នឹងត្រូវបាញ់ចេញពីភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ទៅតំបន់ភ្នំ ៥០៣ ក្នុងចម្ងាយ ១២គីឡូម៉ែត្រ នៅព្រំប្រទល់ ៣ ខេត្ត គឺខេត្តកំពត កំពង់ស្ពឺ និងខេត្តតាកែវ៕
អត្ថបទ៖ លីហៀង
No comments:
Post a Comment