កញ្ញា ធី សុវណ្ណថា នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងនាថ្ងៃទី៩ ខែមេសានេះ ដើម្បីចូលរួមការប្រកួតសម្រស់ Queen Of The Spa ដែលធ្វើឡើងពីថ្ងៃទី១០ ដល់ទី១៤ ខែមេសា។
សកម្មជននយោបាយដ៏ល្បី ដែលទើបឈានជើងចូលវិស័យសិល្បៈរយៈពេលខ្លីរូបនេះ បានបញ្ជាក់ថា នាង និងសមាជិកក្រុម ដែលមានគ្នា ១៤នាក់ផ្សេងទៀត បាននាំយកឈុតសម្លៀកបំពាក់ប្រពៃណីសម័យលង្វែក ដើម្បីទៅប្រកួតដណ្ដើមមកុដ និងប្រាក់រង្វាន់ពីកម្មវិធីខាងលើ។
ថ្លែងនៅក្នុងពិធីបំពាក់ឆៀកមុនចេញទៅប្រកួត កាលពីថ្ងៃអាទិត្យម្សិលមិញ កញ្ញា ធី សុវណ្ណថា បានប្រាប់ថា កម្មវិធីនោះ មានប្រទេស ៥ ចូលរួមប្រកួតប្រជែង ដែលរួមមាន ចិន តៃវ៉ាន់ វៀតណាម កម្ពុជា និងកូរ៉េខាងត្បូង។ អ្នកឈ្នះជើងឯក នឹងទទួលបានប្រាក់រង្វាន់ ៦ម៉ឺនដុល្លារ រួមជាមួយមកុដពេជ្រ ដែលមានតម្លៃជាង ៣ម៉ឺនដុល្លារ។ ចំណាត់ថ្នាក់លេខ២ ទទួលបានប្រាក់រង្វាន់ ៣ម៉ឺនដុល្លារ លេខ៣ ទទួលបាន ១៥០០០ដុល្លារ និងលេខ៤ ទទួលបាន ៥ពាន់ដុល្លារ។
កញ្ញា ធី សុវណ្ណថា បានលើកឡើងថា មុនចេញទៅប្រកួត ក្រុមរបស់នាងបានហ្វឹកហាត់ជាច្រើនថ្ងៃមកហើយ ជាមួយសាស្ត្រាចារ្យសិល្បៈជំនាញ ក្នុងនោះមានការដើរម៉ូដ និងរាំរបាំបូរាណ ជាដើម។ កន្លងមក កញ្ញាធ្លាប់អះអាងថា ក្រុមរបស់នាង រំពឹងថានឹងអាចទទួលបានពានណាមួយ ពីកម្មវិធីខាងលើ៕
អត្ថបទ៖ ស៊ុន ហួត
No comments:
Post a Comment