មួយរយៈចុងក្រោយនេះ មានពាក្យចចាមអារ៉ាមក្ដៅគគុកដែលថា ក្លឹប Manchester United និង Manchester City កំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងការតាមទិញ Alexis Sanchez ពី Arsenal។ ទោះជាយ៉ាងណា នៅក្នុងថ្ងៃនេះ មានរបាយការណ៍ជាច្រើនចុះផ្សាយដោយសារព័ត៌មានល្បីៗ ដែលថា ក្លឹប Manchester City បានដកខ្លួនចេញពីសង្គ្រាមដេញថ្លៃនេះ ហើយSanchez អាចនឹងចាកចេញពី Arsenal ទៅចូលរួមជាមួយក្លឹប Manchester Unitedនាពេលដ៏ឆាប់ខាងមុខ។
យោងតាមសារព័ត៌មាន Goal, Metro និង BBC សុទ្ធតែបានអះអាងថា ក្លឹប Manchester City បានដកខ្លួនពីការប្រជែងយកកីឡាករ Sanchez ហើយ ដោយក្លឹបមិនមានបំណងចំណាយតាមការទាមទាររបស់ Arsenal ដែលចង់បានតម្លៃផ្ទេរ ៣៥លានផោន។
ដោយឡែក Manchester United ត្រូវបានគេរាយការណ៍ថា មិនដូចក្លឹបរួមក្រុងខ្លួនឡើយ ពោលគឺក្លឹបមួយនេះ ហ៊ានចាយលើការផ្ទេរមួយនេះ។ បើតាមសារព័ត៌មាន BBC បានឲ្យដឹងថា ក្លឹប Manchester United ហ៊ានចំណាយ ៣៥លានផោន តាមការទាររបស់ Arsenal ដើម្បីធ្វើការនាំខ្សែប្រយុទ្ធ Alexis Sanchez ទៅលេងនៅ Old Trafford។ បន្ថែមពីលើនេះ បើយោងតាម Metro ក្លឹបបិសាចក្រហមហ៊ានទាំងឲ្យប្រាក់ឈ្នួល Sanchez ដល់ទៅ ៤០ម៊ឺនផោនក្នុងមួយសប្ដាហ៍ដើម្បីអន្ទងកីឡាករជាតិស៊ីលីរូបនេះឲ្យមកចូលរួមជាមួយខ្លួន។
លើសពីនេះ របាយការណ៍ទាំងនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នកចាត់ការ Arsenal លោក Arsene Wenger បាននិយាយថា អនាគតរបស់ Sanchez ក្នុងការនៅ ឬចេញពីក្លឹប នឹងត្រូវបានដោះស្រាយរួចរាល់នៅរយៈពេល ៤៨ម៉ោងទៀត។ ការណ៍ទាំងនេះបានធ្វើឲ្យ ពាក្យចចាមអារ៉ាមដែលថា Sanchez នឹងចូលរួម Manchester United រឹតតែឆាបឆួលថែមទៀត៕
No comments:
Post a Comment