សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅព្រឹកថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួន១,២៤៥នាក់ នារី ៥៧២នាក់។ និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកនេះ មាននិស្សិតបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងចំណោមនិស្សិតទទួលសញ្ញាបត្រនេះ មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៦៦នាក់ (នារី ២៨នាក់) និងនិស្សិតពិការកាយសម្បទាចំនួន ៦នាក់ (នារី ១នាក់)។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកនេះ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យស្ថានីយទូរទស្សន៍ក្នុងស្រុកចាក់បញ្ចាំងរឿង ប៉ាវចិន ដើម្បីចូលរួមចំណែកកំណែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រូវការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរខ្សែភាពយន្តរឿង «លោកម្ចាស់ប៉ាវ» ដែលជាភាពយន្តផ្តល់ការអប់រំមួយសម្រាប់ការធ្វើកំណែទម្រង់តុលាការនៅកម្ពុជា ដែលបានចាក់ផ្សាយតាមទូរទស្សន៍ Fresh News នាពេលយប់។
សម្តេចបានមានប្រសាសន៍ដូច្នេះថា “ល្អណាស់ ចាប់ពីពេលនេះទៅ បើទូរទស្សន៍ណាមុនពេលសម្រាកបញ្ចាំងរឿងប៉ាវចិនមួយភាគ គឺល្អមែនទែន ព្រោះយើងចង់ធ្វើការកែទំរង់ប្រព័ន្ធតុលាការ និងស្វែងរកយុត្តិធម៌ក្នុងសង្គមឲ្យបាន អញ្ចឹងមានតែដាក់កុនប៉ាវចិនឲ្យមើលតែម្តង”៕
ខាងក្រោមនេះគឺជាការផ្សាយផ្ទាល់(Live): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) ចំនួន១,២៤៥នាក់ នៅវិទ្យស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
ការផ្សាយផ្ទាល់(Live)
No comments:
Post a Comment