លោក Jack Ma អគ្គនាយកក្រុមហ៊ុន Alibaba បញ្ជាក់ថា ក្រុមហ៊ុនរបស់លោកមិនអាចសម្រេចការសន្យាបង្កើតការងារចំនួន ១លាននៅក្នុងទឹកដីអាមេរិកបានទេ ដោយសារភាពតានតឹងលើវិស័យពាណិជ្ជកម្មរវាងអាមេរិក និងចិន។ នេះបើសារព័ត៌មានចិន Xinhua រាយការណ៍កាលពីថ្ងៃទី១៩ ខែកញ្ញា ២០១៨ ម្សិលមិញ។
លោក Jack Ma ថ្លែងក្នុងសន្និសីទបញ្ញាសិប្បនិមិត្តនៅក្រុងសៀងហៃ/ រូបភាព៖ Reuters
ការបញ្ជាក់ដូច្នេះ គឺក្រោយលោក Jack Ma បានជួបលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពី ២ឆ្នាំមុន និងបានប្រកាសថា ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិករបស់លោកគ្រោងនឹងនាំយកជំនួញតូចៗរបស់អាមេរិកចំនួន ១លាន ដើម្បីទៅលក់ឲ្យអ្នកប្រើប្រាស់ចិនក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
លោក Jack Ma ថា "ការប្ដេជ្ញានេះ គឺអាស្រ័យលើកិច្ចសហប្រតិបត្តិការមិត្តភាព អាមេរិក-ចិន និងស្មារតី និងគោលបំណងការសន្យានៃពាណិជ្ជកម្មទ្វេភាគី"។ លោកបន្ដថា "ស្ថានភាពបច្ចុប្បន្នបានបំផ្លាញការសន្យាដើមហើយ។ វាគ្មានមធ្យោបាយដើម្បីធ្វើឲ្យសម្រេចការសន្យានោះទេ"។
លោក Jack Ma ក៏ធ្លាប់បានព្រមានដែរថា សង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ អាចបន្ដច្រើនទសវត្សទៀត ហើយចិនគួរតែផ្ដោតការនាំចេញតាមផ្លូវពាណិជ្ជកម្ម "ផ្លូវសូត្រ" មានអាហ្រ្វិក អាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុប។
សូមបញ្ជាក់ថា អំឡុងថ្លែងក្នុងសន្និសីទវិនិយោគមួយ នៅក្រុងសៀងហៃ កាលពីថ្ងៃទី១៨ ខែកញ្ញា ២០១៨ កន្លងទៅ លោក Jack Ma ថា "អាមេរិកចូលចិត្តប្រកួតប្រជែង ចិនចូលចិត្តសុខដុម ពួកគេ [អាមេរិក និងចិន] មានវប្បធម៌ផ្សេងគ្នា"៕
No comments:
Post a Comment