ស្ថាបនិករបស់ក្រុមហ៊ុនកម្មវិធីបណ្ដាញសង្គមក្នុងទូរសព្ទ Instagram ចំនួន ២រូប គឺលោក Kevin Systrom និងលោក Mike Krieger បានសម្រេចចិត្តលាឈប់ពីក្រុមហ៊ុន ដែលអ្នកទាំងពីរបានសហការគ្នាបង្កើតឡើងកាលពីឆ្នាំ២០១០ នៅក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក។
លោក Mike Krieger និងលោក Kevin Systrom លាឈប់ពី Instagram ហើយ (រូបថត៖ BBC)
Instagram បានទទួលជោគជ័យពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានទាក់ទាញអ្នកប្រើប្រាស់រាប់សិនលាននាក់ មុនស្ថាបនិកទាំងពីរសម្រេចលក់ទៅឲ្យ ក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook កាលពីឆ្នាំ២០១២ ក្នុងតម្លៃ ១ពាន់លានដុល្លារ។
លោក Kevin Systrom បានលាឈប់ពីតំណែងនាយកប្រតិបត្តិ ខណៈលោក Mike Krieger លាលែងពីតំណែងប្រធានផ្នែកបច្ចេកវិទ្យា។
តាមរយៈការបង្ហោះនៅលើប្លុកមួយ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ លោក Systrom បានសរសេរថា លោកចង់សម្រាកមួយរយៈ ដើម្បីស្វែងរក និងបង្កើតរបស់ថ្មីមួយទៀត។ ហើយលោកបានបង្ហាញក្ដីរំភើបសម្រាប់ Instagram និង Facebook ដែលបានឈានដល់ដំណាក់កាលដូចសព្វថ្ងៃ។
បើយោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថា ការលាឈប់របស់ស្ថាបនិក Instagram ទាំងពីរ គឺដោយសារភាពតានតឹងរវាងអ្នកទាំងពីរ ជាមួយលោក Mark Zuckerberg នាយកប្រតិបត្តិ Facebook ពាក់ព័ន្ធនឹងទិសដៅរបស់ Instagram ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ Facebook និង Instagram មិនបានឆ្លើយតបជុំវិញមូលហេតុនៃការចាកចេញរបស់មេ Instagram នោះទេ៕
No comments:
Post a Comment