ក្រុមហ៊ុនរដ្ឋចិន COFCO បានអះអាងថា នឹងជួយគាំទ្រលើការផ្សព្វផ្សាយពីម៉ាកវិញ្ញាតកម្ម "ម្លិះអង្គរ" នៅលើទីផ្សារប្រទេសចិន និងបង្កើនការបញ្ជាទិញអង្ករពីកម្ពុជា។ ការឲ្យដឹងដូច្នេះ ត្រូវបានធ្វើឡើងក្នុងការជួបពិភាក្សាការងារ រវាងក្រុមប្រឹក្សាភិបាលនិងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយ ក្រុមហ៊ុន COFCO នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
ជំនួបនេះ ត្រូវបានប្រព្រឹត្តទៅបន្ទាប់ពីបញ្ចប់ភារកិច្ចចូលរួមអមដំណើរទស្សនកិច្ចរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី១៥។

ការពិភាក្សាការងារ រវាងក្រុមប្រឹក្សាភិបាលនិងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយ ក្រុមហ៊ុន COFCO នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ (រូបថត៖ សហព័ន្ធស្រូវអង្ករកម្ពុជា)
សហព័ន្ធស្រូវអង្ករកម្ពុជា បានស្នើឲ្យក្រុមហ៊ុនរដ្ឋចិន COFCO ជួយបង្កើនការបញ្ជាទិញអង្ករពីកម្ពុជាតាមរយៈកូតាដែលបានចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន COFCO កាលពីដើមឆ្នាំ២០១៨នេះ។
សូមជម្រាបថា ប្រទេសចិនបាននាំចូលអង្ករពីកម្ពុជាច្រើនជាងគេ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៨ ចំនួនជាង ៧,៤ម៉ឺនតោន។
តាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ នៃក្រុមការងារផ្នែកស្រូវអង្ករ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានឲ្យដឹងថា ប្រភេទអង្ករដែលកម្ពុជា បាននាំចេញទៅក្រៅប្រទេសក្នុងរយៈពេល ៨ខែ ឆ្នាំ២០១៨នេះ រួមមាន៖ អង្ករក្រអូប ( ចម្រុះ នាងម្លិះ សូមាលី ផ្ការំដួល សរីរាង្គ ) ចំនួនជាង ២៥,៦ម៉ឺនតោន អង្ករសគ្រាប់វែង (ចម្រុះគ្រាប់វែង និងប្រណិតគ្រាប់វែង) ជាង ៦,៣ម៉ឺនតោន និងអង្ករចំហុយគ្រាប់វែង ជាង ២,១ម៉ឺនតោន សរុបទាំងអស់ជាង ៣៤,១៦ម៉ឺនតោន៕
អត្ថបទទាក់ទង
អត្ថបទ៖ លាភ. #kamsanonline
No comments:
Post a Comment