សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានឲ្យដឹងថា អ្នកគាំទ្រអាមេរិក បានទិញសំបុត្រចូលទស្សនាការប្រកួតនានាក្នុងព្រឹត្តិការណ៍ World Cup 2018 ចំនួនប្រហែល ៩ម៉ឺនសន្លឹក គិតត្រឹមថ្ងៃទី៩ខែមិថុនា។ តួលេខនេះ មានន័យថា អ្នកគាំទ្រមកពីអាមេរិក ស្ថិតនៅចំណាត់ថ្នាក់ទី២ ដែលបានទិញសំបុត្រ World Cup ច្រើនជាងគេ បន្ទាប់ពីអ្នកគាំទ្រក្រុមរុស្ស៊ី ដែលបានទិញជាង ៨៧ម៉ឺនសន្លឹក។
ចំណែកចំណាត់ថ្នាក់ទី៣ បានទៅលើអ្នកគាំទ្រក្រុមប្រេស៊ីល ដែលបានទិញសំបុត្រ World Cup ជាង ៧ម៉ឺនសន្លឹក។
គិតត្រឹមថ្ងៃដដែល FIFA បានឲ្យដឹងថា សំបុត្រចូលទស្សនាការប្រកួតនានាក្នុងព្រឹត្តិការណ៍ World Cup 2018 បានលក់អស់ជាង ២,៥លានសន្លឹក សម្រាប់អ្នកគាំទ្រមកពីជុំវិញពិភពលោក។ សំបុត្រត្រូវចាប់ផ្ដើមលក់ តាំងពីខែកញ្ញាឆ្នាំ២០១៧មកម្ល៉េះ។
យោងតាមសារព័ត៌មាន TASS បានឲ្យដឹងថា តម្លៃសំបុត្រ មានចែកជា ៣ក្រុម៖ ក្រុមទី១- តម្លៃពី ២១០-៧៥០ ដុល្លារអាមេរិក, ក្រុមទី២- តម្លៃពី ១៦៥-៤៨០ ដុល្លារ និងក្រុមទី៣- តម្លៃពី ១០៥-២៨៥ ដុល្លារ។ ចំណែកតម្លៃសំបុត្រ ក្នុងពិធីបើក និងពិធីបិទ ព្រឹត្តិការណ៍ត្រូវលក់ក្នុងតម្លៃផ្សេងទៀត។
ក្រៅពីសំបុត្រទស្សនា អ្នកគាំទ្រទាំងអស់ ត្រូវស្នើសុំបណ្ណសម្គាល់អ្នកគាំទ្រ (Fan-ID) ដើម្បីអាចប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសរុស្ស៊ីបានឥតគិតថ្លៃ អំឡុងព្រឹត្តិការណ៍ខាងលើ៕
No comments:
Post a Comment