លោក គីម ជុងអ៊ុន ដែលបានក្ដាប់តំណែងមេដឹកនាំកំពូលកូរ៉េខាងជើង កាលពីចុងឆ្នាំ២០១១ គឺជាបុរសរដ្ឋម្នាក់ ដែលធ្វើសហគមន៍អន្តរជាតិមានការព្រួយបារម្ភផង ភ័យខ្លាចផង រំភើបផង និងអបអរសាទរផង។ អារម្មណ៍ប្រែប្រួលទាំងនេះ កើតឡើងដោយសារកូរ៉េខាងជើងពីមួយឆ្នាំទៅមួយឆ្នាំ បានបាញ់សាកល្បងមីស៊ីលផ្ទួនៗគ្នាជាប្រចាំ និងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលពេលខ្លះធ្វើឲ្យក្តៅចុងច្រមុះអ្នកជិតខាង និងនិងបង្កជាការរញ្ជួយដីថែមទៀតក៏មាន។
ប៉ុន្តែបន្ទាប់ពីការទៅចាប់ដៃយ៉ាងស្ងាត់ៗជាមួយលោក ស៊ី ជីងពីង ប្រធានាធិបតីចិន និងបន្ទាប់ពីការចាប់ដៃដែលធ្វើឲ្យកក្រើកឧបទ្វីបកូរ៉េ និងទ្វីបអាស៊ីជាមួយលោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និងថ្មីៗនេះ គឺការចាប់ដៃដែលធ្វើឲ្យកក្រើកពិភពលោកជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ពេលនេះ ទាំងប្រជាជនកូរ៉េទាំងពីរ និងទាំងសហគមន៍អន្តរជាតិមានការរំភើប និងអបអរសាទរចំពោះការផ្លាស់ប្ដូរជំហររបស់កូរ៉េខាងជើង ដែលចង់រំលាយនុយក្លេអ៊ែរ និងកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ។
គេនៅចាំបានថា នៅចុងខែមីនា ឆ្នាំ២០១៨ មេដឹកនាំកូរ៉េខាងជើងវ័យ៣៥ឆ្នាំរូបនេះ បានទៅធ្វើទស្សនកិច្ចនៅក្រុងប៉េកាំង ដើម្បីជួបពិភាក្សាជាមួយលោក ស៊ី ជីងពីង និងថ្នាក់ដឹកនាំចិនមួយចំនួនទៀត។ ប៉ុន្ដែទស្សនកិច្ចយ៉ាងសម្ងាត់របស់លោក គីម ជុងអ៊ុន ត្រូវបានភាគីចិនចេញមកបញ្ជាក់នៅថ្ងៃទី២៨ ខែមីនា ២០១៨ ចំថ្ងៃដែលលោក គីម ជុងអ៊ុន បានចាកចេញទៅកូរ៉េខាងជើងវិញ។ ចិនបង្ហើបថា លោក គីម ពិតជាបានធ្វើទស្សនកិច្ចមកកាន់ប្រទេសចិនមែន ហើយទស្សនកិច្ចនោះមានរយៈពេល ៤ថ្ងៃ ពីថ្ងៃទី២៥ ដល់ ២៨ ខែមីនា ២០១៨។ ទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន មកក្រុងប៉េកាំង នាពេលនោះ គឺធ្វើឡើងតាមរយៈរថភ្លើង តាំងពីក្រុងព្យុងយ៉ាង រហូតដល់មកដល់ប្រទេសចិន។
ចំណែកនៅថ្ងៃទៅ២៧ ខែមេសា ២០១៨ គឺជាថ្ងៃដែលប្រជាជនកូរ៉េទាំងពីរមានការរំភើប និងការសប្បាយយ៉ាងខ្លាំង ដោយសារការចាប់ដៃជាប្រវត្តិសាស្ត្ររវាងមេដឹកនាំរវាងប្រទេសកូរ៉េទាំងពីរ គឺលោក មូន ចេអ៊ីន និងលោក គីម ជុងអ៊ុន។ ការចាប់ដៃនេះ បានធ្វើឡើងភូមិ Panmunjom ដែលនៅក្នុងទឹកដីកូរ៉េខាងត្បូង ក្បែរព្រំដែនប្រទេសទាំងពីរ។ ក្រោយជំនួបចរចាគ្នាពេញមួយថ្ងៃ មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមគ្នា ដែលហៅថា "សេចក្តីប្រកាស Panmunjom“។
រីឯចុងក្រោយនេះ គឺការចាប់ដៃដែលមនុស្សស្ទើរគ្រប់គ្នាក្នុងពិភពលោកចង់ឃើញ និងជាការចាប់ដៃដែលធ្វើឲ្យកក្រើកពិភពលោក។ នោះគឺការចាប់ដៃគ្នា និងការជួបចរចារវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នៅសិង្ហបុរី នាថ្ងៃទី១២ ខែមិថុនា ២០១៨ កន្លងទៅ។ ក្រោយការជួបចរចានេះ មេដឹកនាំទាំងពីរក៏បានចុះហត្ថលេខាលើឯកសាររួមគ្នាផងដែរ។ ជាមួយគ្នានេះ លោក ត្រាំ ក៏បានលើកឡើងថា ជំនួបរវាងអាមេរិក និងកូរ៉េខាងជើង បានធ្វើឲ្យពិភពលោកដេកលក់ស្រួល ដោយសារតែកូរ៉េខាងជើងបានប្ដេជ្ញារំលាយអាវុធនុយក្លេអ៊ែរហើយ។
ទោះយ៉ាងណាក៏ដោយ មកដល់ពេលនេះ ត្បិតតែកូរ៉េខាងជើងមានឆន្ទៈ និងប្ដេជ្ញារំលាយនុយក្លេអ៊ែរ តែវាត្រូវការរយៈពេលយូរ។ លោក Mike Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិកថា វានឹងចំណាយពេលយ៉ាងតិច ២ឆ្នាំ ៦ខែ គឺរហូតដល់ដំណាច់ឆ្នាំ២០២០។ ងាកទៅអាមេរិកវិញ ត្បិតតែបានជួបចរចា និងចុះហត្ថលេខា ដែលឈានដល់របត់ថ្មីមួយនៃទំនាក់ទំនងអាមេរិក-កូរ៉េខាងជើងក៏ដោយ ក៏អាមេរិកមិនទាន់សម្រេចដកទណ្ឌកម្មណាមួយពីកូរ៉េខាងជើងនៅឡើយទេ។ សម្ព័ន្ធភាពថ្មីនេះ ទាក់ទាញចំណាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន លើពិភព ហើយអ្វីដែលគេដណ្តឹងសួរដោយអន្ទះសារគ្រប់ៗគ្នាគឺថា៖ "តើសុបិន្តសន្តិភាពនេះអាចក្លាយជាការពិតដែរឬទេ?" ៕
អត្ថបទ៖ វាសនា
No comments:
Post a Comment