ខ្សែប្រយុទ្ធ Neymar បានស្រក់ទឹកភ្នែកពេលដើរចូលផ្ទះដែលត្រូវបានរៀបចំឲ្យលក្ខណៈដូចទៅនឹងផ្ទះដែលកីឡាកររស់នៅកាលពីនៅវ័យក្មេងនៅ San Vicente ទីក្រុង Sao Paolo ប្រទេសប្រេស៊ីល។
ក្នុងកម្មវិធីទូរទស្សន៍ប្រេស៊ីលឈ្មោះ "Caldeirao do Huck" កីឡាករ Neymar ត្រូវបានរៀបចំឲ្យដើរចូលទៅក្នុងផ្ទះមួយដែលត្រូវបានកែច្នៃឲ្យមានសណ្ឋានដូចបេះបិទទៅនឹងផ្ទះដែល ខ្សែប្រយុទ្ធប្រេស៊ីលធ្លាប់រស់នៅកាលពីនៅក្មេង។
ក្នុងវីដេអូបង្ហោះដោយសារព័ត៌មាន The Sun បានឲ្យដឹងថា គ្រាន់តែបើកទ្វារចូលបន្ទប់ដែលមានសណ្ឋានដូចបន្ទប់ខ្លួនធ្លាប់រស់នៅ ខ្សែប្រយុទ្ធ Neymar ត្រូវបានប្រទះឃើញថាបានសម្រក់ទឹកភ្នែក និងព្យាយាមយកដៃជូត។ បន្ទាប់មក កីឡាករបានដើរជុំវិញបន្ទប់ សម្លឹងមើលរបស់របរនៅទីនោះ ខណៈទឹកភ្នែកនៅតែបន្តហូរស្រក់។
ក្រោយមក ក្រុមគ្រួសារកីឡាកររួមមាន ម្ដាយ ឪពុក និងប្អូនស្រី បានដើរចូលមកជិតកីឡាករ។ ម្ដាយរបស់ Neymar គឺ លោកស្រី Nadine បានចូលទៅឱបកូនប្រុសដែលកំពុងស្រក់ទឹកភ្នែកមិនទាន់ឈប់។
វីដេអូស្ថិតជាផ្នែកមួយក្នុងកម្មវិធីទូរទស្សន៍ខាងលើ ហើយត្រូវបានចាក់ផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅ។ យ៉ាងនេះក្ដី វីដេអូត្រូវបានថតតាំងពីកីឡាករមិនទាន់ជាពីរបួសម្ល៉េះ។
កាលពីថ្ងៃសៅរ៍ កីឡាករ Neymar បានបង្ហោះសារ Instagram សម្ដែងការអរគុណដល់ពិធីករកម្មវិធី លោក Luciano Huck និងក្រុមការងារដែលបានរៀបចំកម្មវិធីនេះឡើង។ ខ្សែប្រយុទ្ធបានហៅការរៀបចំទាំងនេះ គឺជា "ការរំលឹកការចងចាំដ៏អស្ចារ្យសម្រាប់ខ្លួន"។
សូមបញ្ជាក់ផងដែរថា Neymar បានចាប់អាជីពបាល់ទាត់ផ្លូវការនៅក្លឹបប្រេស៊ីល Santos មុនចាកចេញមកក្លឹប Barcelona នៅឆ្នាំ ២០១៣។ គឺនៅក្លឹបអេស្ប៉ាញនេះហើយ ដែលខ្សែប្រយុទ្ធបានអភិវឌ្ឍខ្លួនរហូតស្ថិតក្នុងចំណោមកីឡាករល្អបំផុតលើលោក។
នៅខែសីហា ឆ្នាំ ២០១៧ ក្លឹប PSG បានបំបែកកំណត់ត្រា ក្នុងការនាំចូល Neymar ពីក្លឹបអ្នកមានបុណ្យ ក្នុងតម្លៃផ្ទេរ ២២២ លានអឺរ៉ូ។ នៅក្លឹបយក្សបារាំង ខ្សែប្រយុទ្ធត្រូវបានរាយការណ៍ថា មានប្រាក់នឿយហត់ជាង ៨០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងមួយសប្ដាហ៍ (មិនរាប់បញ្ចូលប្រាក់ដែលរកបានក្រៅផ្សេងទៀត)៕
No comments:
Post a Comment