ថ្មីៗនេះ ក្រុម ISIS បានបញ្ចេញរូបភាពជាច្រើន ដោយព្រមានពីការវាយប្រហារនៅក្នុងព្រឹត្តិការណ៍ FIFA World Cup នៅប្រទេសរុស្ស៊ី។ ក្នុងនោះ ISIS បានបង្ហាញរូបភាពកាត់តមួយសន្លឹក បង្ហាញពីការប្រហារជីវិតកីឡាករ Lionel Messi នៅមុខអ្នកគាំទ្រពេញកីឡដ្ឋាន។
ក្នុងរូបភាពនោះ ISIS សរសេរពាក្យមួយឃ្លា ដោយប្រាប់ដល់ក្រុមរបស់ខ្លួនឲ្យត្រៀមខ្លួនរួចជាស្រេច "សម្រាប់ការប្រមាញ់ ដែលខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ"។
ចំណែករូបភាពមួយសន្លឹកទៀត បង្ហាញពីការកំណត់គោលដៅរបស់ ISIS នៅកីឡដ្ឋាននានា ដែលរៀបចំព្រឹត្តិការណ៍ World Cup ។ រីឯរូបភាពទី៣ បង្ហាញពីសកម្មជនម្នាក់ កាន់គ្រាប់បែក ចូលក្នុងទីលានប្រកួត ដោយមានភ្លើងឆេះ ជាមួយពាក្យថា "សម្លាប់ពួកគេទាំងអស់"។
សូមបញ្ចាក់ថា កាលពីខែឧសភាកន្លងទៅ ISIS ក៏បានបញ្ចេញរូបភាពកាត់ក្បាល Messi និង Cristiano Ronaldo ផងដែរ។
កាលពីថ្ងៃទី១៥ ខែមិថុនា ក្រសួងការបរទេសអាមេរិក បានអះអាងថា អំពើភេរវកម្មអាចកើតមានឡើងគ្រប់ពេលវេលានៅក្នុងកីឡដ្ឋាន ដែលត្រូវរៀបចំព្រឹត្តិការណ៍ FIFA World Cup 2018 ។ ក្រសួងការបរទេសអាមេរិក ក៏បានអំពាវនាវឲ្យពលរដ្ឋអាមេរិក ដែលមានបំណងធ្វើដំណើរទៅចូលរួម World Cup នៅប្រទេសរុស្ស៊ី មានការពិចារណាសាឡើងវិញផងដែរ ដោយសារការគំរាមកំហែងភេរវកម្ម ក៏ដូចជាកត្តារំខាន និងការជំរិតទារប្រាក់ពីមន្ត្រីរុស្ស៊ីជាដើម៕
No comments:
Post a Comment