ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាបានលត់ក្រុមជម្រើសជាតិនារីទីម័រខាងកើតដោយលទ្ធផល ១២-០ សម្រាប់ការប្រកួតបើកឆាកពានរង្វាន់ AFF WOMEN'S CHAMPIONSHIP 2018 នៅប្រទេសឥណ្ឌូណេស៊ីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។
វគ្គទី១ ក្រុមជម្រើសជាតិនារីកម្ពុជាលេងបានយ៉ាងល្អ និងបញ្ជូនបាល់ចូលតំបន់គ្រោះថ្នាក់ជាច្រើន។ ការបង្កើតឱកាសជាច្រើនលើកនេះបានផ្តល់ឲ្យនារីកម្ពុជាបំប៉ោងសំណាញ់ទីគ្រាប់បាល់រហូតដល់៧គ្រាប់នាទីទី១១, ១២, ២០, ២៦, ៣០ និងនាទី៤៥+២។ តួអង្គសំខាន់ដែលរកគ្រាប់បាល់បាននេះដោយកីឡាការិនី ប៉ាន ជាវី, ហួត គឹមហុង។ ចំណែកក្រុមនារីទីម័រមិនអាចបំបែកពង់មាន់របស់នារីកម្ពុជាបានទេដោយពួកគេខ្សោយទាំងបច្ចេកទេស និងកម្លាំង។
ចំពោះការប្រកួតវគ្គទី២ ក្រុមជម្រើសជាតិនារីកម្ពុជានៅតែបន្តទម្លាយសំណាញ់ទីរបស់នារីទីម័រខាងកើតបាន៥គ្រាប់ទៀត។ ៥គ្រាប់បាល់បានកើតឡើងនៅនាទីទី៥៩ ៦៣, ៦៤, ៦៦ និង ៧១ដែលជាចំណែកដ៏សំខាន់ពីកីឡាការិនីមកពីភ្នំពេញក្រោន គឹមហុង និងជាវី។ ក្រុមនារីទីម័របានព្យាយាមដែរ តែនៅតែមិនអាចបំបែកពង់មាន់របស់កម្ពុជាឡើយ។ រយៈពេលប្រហែលជាជាង១០នាទីចុងក្រោយ ក្រុមទាំងពីរកាន់តែខ្សោយកម្លាំងទៅដែលធ្វើឲ្យចប់ការប្រកួតក្រុមនារីកម្ពុជាឈ្នះក្រុមនារីទីម័រ ១២-០.
តាមរយៈលទ្ធផលនេះ ក្រុមជម្រើសជាតិនារីកម្ពុជាមាន៣ពិន្ទុ ឈរលើកំពូលតារាងពូល A ខណៈក្រុមជម្រើសជាតិនារីអូស្ត្រាលីក៏មាន៣ពិន្ទុដែរ ប៉ុន្តែឈរនៅលេខរៀងទី២ បន្ទាប់ពីនារីអូស្ត្រាលីឈ្នះក្រុមជម្រើសជាតិនារីម៉ាឡេស៊ី។ នៅថ្ងៃទី២ ខែកក្កដា ក្រុមនារីកម្ពុជាត្រូវជួបក្រុមនារីម៉ាឡេស៊ី៕
អត្ថបទ៖ ជាន ចាន់រ៉ា
អត្ថបទទាក់ទង: http://bit.ly/2lIssrw
No comments:
Post a Comment