នៅព្រលប់ថ្ងៃទី២ ឧសភានេះ សាលារាជធានីភ្នំពេញ តាមរយៈរដ្ឋបាលខណ្ឌដូនពេញបានចេញសេចក្ដីជូនដំណឹងពីការសម្រេចលុបចោលការយកភាស៊ីលើការចតរថយន្តរបស់បងប្អូនប្រជាពលរដ្ឋនៅបរិវេណរមណីយដ្ឋានវត្តភ្នំ សួនកុមារវត្តភ្នំ សួនគោព្រៃវត្តភ្នំ និង ក្រោយសណ្ឋាគារឡឺរ៉ូយាល់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលបានយកកូនមកពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាទី៤។
សេចក្ដីសម្រេចនេះ ក្រោយពីមុននេះ មានបាតុភាពកើតឡើងរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនបុគ្គលិកក្រុមហ៊ុន សូណាត្រា ដែលអះអាងថាបានទទួលសិទ្ធិវិនិយោគភាស៊ីនៅតំបន់វត្តភ្នំ។ តបតាមការសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់ចេញជាគោលការណ៍ដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អនុវត្តដូចខាងក្រោម៖
១-អនុញ្ញាតឲ្យធ្វើការលុបបំបាត់ទាំងស្រុងរាល់ការយកភាស៊ី លើសេវាទទួលផ្ញើយានយន្តគ្រប់ប្រភេទ របស់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទស្សនាកម្សាន្តនៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ សួនកុមារវត្តភ្នំ សួនគោព្រៃ និង ក្រោយសណ្ឋាគារឡឺរ៉ូយាល់ ចាប់ពីថ្ងៃនេះតទៅ ។
២-ចំពោះចំណតបង់ប្រាក់របស់ក្រុមហ៊ុន សូណាត្រា ខាងលើ នៅចំណុចសួនគោព្រៃ ផ្លូវលេខ១០២ ផ្លូវលេខ១៩ ជុំវិញសួនកុមារវត្តភ្នំ និងក្រោយសណ្ឋាគារឡឺរ៉ូយាល់ ត្រូវបានក្រុមហ៊ុនឯកភាពលុបបំបាត់ទាំងស្រុង ដោយពុំអនុញ្ញាតឲ្យមានចំណតបង់ប្រាក់តទៅទៀតឡើយ ដើម្បីសម្រួលដល់ការឈប់ចតយានយន្តរបស់បងប្អូនប្រជាពលរដ្ឋមកទស្សនាកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ និង ដើម្បីសោភណភាពនៅក្នុងទីក្រុង៕
អត្ថបទ៖ ទារិកា
No comments:
Post a Comment