អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន និង យីងឡាក់ ស៊ីនណាវ៉ាត្រា បានចូលមកប្រទេសសិង្ហបុរី ហើយនឹងបន្ដស្នាក់នៅរហូតដល់ថ្ងៃទី៥ ខែឧសភា ២០១៨ ស្អែកនេះ។ នេះបើតាមប្រភពដែលជិតស្និទ្ធជាមួយបក្សភឿថៃ។
បងប្អូនទាំងពីរនាក់ ដែលសុទ្ធតែកំពុងរត់គេចខ្លួននៅក្រៅប្រទេសនេះ បានចូលមកដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី៤ ខែឧសភា ២០១៨ ម្សិលមិញ ដើម្បីចូលរួមសន្និសីទបច្ចេកវិទ្យាមួយ។
ពាក់ព័ន្ធរឿងនេះ លោក Krissana Pattanacharoen អ្នកនាំពាក្យប៉ូលិសថៃ បានបញ្ជាក់ថា លោកមិនទាន់ទទួលបានដំណឹងនេះ ពីខាងប្រទេសសិង្ហបុរីនៅឡើយទេ។ លោកបន្ថែមថា ប្រសិនបើដំណឹងនេះជាការពិត ខាងប៉ូលិសថៃ និងស្នើឲ្យប៉ូលិសសិង្ហបុរី ចាប់ខ្លួនបងប្អូនស៊ីនណាវ៉ាត្រា ទាំងពីរនាក់នោះ។
ចំណែកលោក Prawit Wongsuwon ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបញ្ជាក់នៅថ្ងៃទី៣ ខែឧសភា ២០១៨នេះថា អ្នកនយោបាយរបស់បក្សភឿថៃ មិនត្រូវបានហាមឃាត់ ក្នុងការហោះទៅសិង្ហបុរី ដើម្បីជាមួយអតីតនាយករដ្ឋមន្ត្រីថៃទាំងពីររូបនោះទេ។
រីឯលោក Anusorn Iamsa-ard អ្នកនាំពាក្យបក្សភឿថៃ បានលើកឡើងថា ការទៅជួបអតីតនាយករដ្ឋមន្រ្តីថៃទាំងពីរនាក់ នៅសិង្ហបុរី មិនមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។ លោកបន្ថែមថា វាគ្រាន់តែជាកាយវិការនៃការគោរពប៉ុណ្ណោះ៕
No comments:
Post a Comment