អតីតនាយករដ្ឋមន្ត្រីថៃពីឆ្នាំ១៩៩៦-៩៧ លោក Chavalit Yongchaiyudh បានថ្លែងកាលពីថ្ងៃទី១៨ឧសភា ទៅកាន់អ្នកសារព័ត៌មាននៅភោជីយដ្ឋានមួយ ក្នុងក្រុងបាងកកថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងជ្រកកោននៅក្រៅប្រទេស មានបំណងវិលត្រឡប់ចូលមកប្រទេសថៃវិញ បន្ទាប់ពីអ្នកទាំងពីរបានឆ្លើយឆ្លងគ្នាតាមទូរសព្ទ កាលពីប៉ុន្មានថ្ងៃកន្លងទៅ។
លោក Chavalit បានមានប្រសាសន៍ថា ទោះបីជាលោក ថាក់ស៊ីន មិនបានប្រាប់គាត់ដោយផ្ទាល់ ក៏គាត់អាចដឹងថា លោកថាក់ស៊ីន ចង់ត្រឡប់ចូលស្រុកវិញដែរ ព្រោះលោក Chavalit ផ្អែកតាមការស្ដាប់សំឡេងរបស់លោកថាក់ស៊ីន។
លោក Chavalit បានមានប្រសាសន៍ថា លោកថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ត្រូវធ្វើអំពើល្អសម្រាប់ពលរដ្ឋថៃ ដើម្បីស្វែងរកការគាំទ្រពីមួយភាគធំពីប្រជាពលរដ្ឋថៃដែលមានចំនួន ៦៥លាននាក់។
គួររំឭកថា លោក ថាក់ស៊ីន បាននិរទេសខ្លួនពីប្រទេសថៃ កាលពីឆ្នាំ២០០៨ មុនការសម្រេចរបស់តុលាការឲ្យគាត់ជាប់ឃុំរយៈពេល ២ឆ្នាំ ពីបទបំពានអំណាច៕
No comments:
Post a Comment