ថ្មីៗនេះ មានការ Hack គណនី Facebook ជាច្រើន ក្នុងបំណងទុច្ចរិតនានា ដូចជាឆែកមើលឆាតឯកជន បង្ហោះរូបអាអាភាស ជំរិតទាប្រាក់ ឬបន្លំបោកលុយសាច់ញាតិជាដើម។ សម្រាប់អ្នកមាន Page ជនទុច្ចរិត អាច Hack យកគណនី ដើម្បីគ្រប់គ្រង Page នោះ រហូតអាចបណ្ដាលឲ្យបាត់បង់ទាំងស្រុង ប្រសិនបើគ្មានជំនាញទាញយកមកវិញ។ តាមពិត មានវិធីការពារជាច្រើន ដែលអាចឲ្យ Facebook របស់អ្នកមានសុវត្ថិភាព ១០០% ប៉ុន្តែថ្ងៃនេះ Angkor Fresh សូមបង្ហាញវិធីសាមញ្ញបំផុតមួយ ដែលអ្នកអាចចំណាយពេលត្រឹម ១នាទីប៉ុណ្ណោះ ដើម្បីដាក់វាដោយខ្លួនឯង។
ប្រិយមិត្តអ្នកអានខ្លះ ប្រហែលជាធ្លាប់ឃើញមុខងារ two-factor authentication ដែលច្រើនប្រើប្រាស់លើ Apple ID ប៉ុន្តែមុខងារនេះ ក៏អាចប្រើប្រាស់ការពារលើ គណនី Facebook យ៉ាងមានប្រសិទ្ធភាពបំផុត។ មុខងារ two-factor authentication លើ Facebook នឹងការពារ Hacker មិនឲ្យប្រើឧបករណ៍ថ្មីណាមួយ ដើម្បីចូលទៅប្រើប្រាស់ Facebook របស់អ្នកឡើយ ប្រសិនបើគ្មានលេខកូដចេញពីទូរសព្ទដៃរបស់អ្នក ដើម្បីបញ្ចូលទេនោះ។
មុខងារ two-factor authentication នឹងទាមទារឲ្យអ្នកប្រើប្រាស់ ដាក់បញ្ចូលលេខទូរសព្ទផ្ទាល់ខ្លួន ដែលអ្នកប្រើប្រាស់ជាប្រចាំ។ ក្រោយពេលដាក់បញ្ចូលលេខទូរសព្ទនោះហើយ អ្នកផ្សេងមិនអាចប្រើឧបករណ៍ថ្មី ឬ Browser ថ្មី ដើម្បីចូលទៅកាន់ Facebook របស់អ្នកឡើយ។ នៅពេលបើកលើ ឧបករណ៍ថ្មី ឬ Browser ថ្មី នឹងមានលេខកូដ ៦ខ្ទង់ ផ្ញើទៅកាន់ទូរសព្ទដៃរបស់អ្នក។ ទាល់តែបញ្ចូលលេខកូដនោះ ទើបអាចបើកប្រើគណនី Facebook លើឧបករណ៍ថ្មីបាន។
មិនថាតែអ្នកដទៃទេ គឺអ្នកក៏ដូចគ្នា នៅពេលបើក Browser ថ្មីណាមួយដើម្បីប្រើ Facebook វានឹងទាមទារឲ្យបញ្ចូល Password មួយជាន់ ទើបបញ្ចូលលេខកូដ ៦ខ្ទង់ ដែលផ្ញើទៅកាន់ Trusted Device ឬលេខទូរសព្ទដែលអ្នកបានដាក់។ លេខកូដ ៦ខ្ទង់នេះ ផ្លាស់ប្ដូរគ្រប់ពេល មិនដូចគ្នាឡើយ ហើយវាមិនមែនជាលេខកូដដែលចុចចូលទៅប្រើទូរសព្ទនោះទេ សូមកុំច្រឡំ គឺជាលេខកូដដែលផ្ញើតាមសារ។ នៅពេលដែលអ្នកបានរក្សាទុក (Save) Brower ឬឧបករណ៍ថ្មីនោះហើយ ពេលចូលលើកក្រោយ មិនទាមទារលេខកូដទៀតទេ។
ដើម្បីដាក់មុខងារ two-factor authentication លើ Facebook ឲ្យដំណើរការ សូមចូលទៅកាន់៖ ចុចលើពាក្យ Setting រួចចុចលើ Security and Login រួចស្វែងរកពាក្យ Setting Up Extra Security និងចុចពាក្យ Set Up លើ Use two-factor authentication។ បន្ទាប់មក បំពេញលេខទូរសព្ទ ដែលអ្នកប្រើប្រាស់ផ្ទាល់ខ្លួន ហើយចុច ចុចលើពាក្យ Enable ជាការស្រេច។
នៅពេលដាក់រួច និងបើកចូល Browser ថ្មី វានឹងទាមទារឲ្យអ្នកដាក់បញ្ចូល Password របស់ Facebook និងទាមទារឲ្យដាក់លេខកូដ ៦ខ្ទង់ ដែលផ្ញើទៅកាន់ទូរសព្ទទៀត។ ដូចនេះ ត្រូវច្បាស់ថា លេខទូរសព្ទដែលអ្នកដាក់ ត្រឹមត្រូវ និងជាលេខប្រើប្រាស់ផ្ទាល់ខ្លួន។ នៅពេលដែលអ្នកចូលទៅម្ដងហើយ និងរក្សាទុកលើ Device ថ្មីហើយ វានឹងមិនទាមទាលេខកូដ ៦ខ្ទង់ទៀតទេ លុះត្រាតែអ្នកទៅប្រើកុំព្យូទ័រ ឬទូរសព្ទថ្មីទៀត។
ក្រៅពីមុខងារខាងលើ នៅមានវិធីជាច្រើនទៀត ដែលអាចការពារ Facebook របស់អ្នកមិនឲ្យគេ Hack បាន។ ត្រូវប្រើប្រាស់លេខសម្ងាត់ចាប់ពី ៨ខ្ទង់ឡើង ដោយមានផ្សំគ្នារវាងតួអក្សរ លេខ និម្មិតសញ្ញា (ឧទាហរណ៍៖ Chenda@123456) ។ មិនត្រូវចុចលើ link ផ្ដេសផ្ដាសដែលមើលទៅមិនគួរឲ្យទុកចិត្ត។ លើសពីនេះ គួរកុំប្រើឧបករណ៍ផ្សេងនៅតាមទីសាធារណៈ ដើម្បីចូលទៅកាន់ Facebook របស់អ្នកនោះទេ៕ (អត្ថបទ Angkor Fresh ហាមលួចចម្លងដោយគ្មានការអនុញ្ញាត)
អត្ថបទ៖ សេង ឆៃយ៉ារ៉ា
No comments:
Post a Comment