ទ្រព្យសម្បត្តិជាង ៣០ផ្សេងគ្នា សរុបជាទឹកប្រាក់រាប់លានដុល្លារ របស់អតីតនាយករដ្ឋមន្ត្រីស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបាននាយកដ្ឋានអនុវត្តច្បាប់នៃប្រទេសថៃ ប្រកាសរឹបអូសយកទាំងអស់ ដើម្បីជាសំណងលើការខាតបង់ខ្លះ ក្រោមគម្រោងទិញស្រូវអង្ករដ៏ថ្លៃ ដែលធ្វើឲ្យថៃខាតបង់ប្រាក់ជាង ១ពាន់លានដុល្លារ។ នេះបើតាមការឲ្យដឹងរបស់មេធាវី របស់លោកស្រី យីងឡាក់។
បើទោះបីតួលេខជាក់ស្ដែងនៃទ្រព្យសម្បត្តិដែលត្រូវរឹបអូស មិនត្រូវបានបង្ហាញដោយអាជ្ញាធរ ប៉ុន្តែតាមការប៉ាន់ស្មាន គឺអាចមានតម្លៃដល់ទៅរាប់លានដុល្លារ។ ក្នុងចំណោមនោះ មានទាំងផ្ទះតម្លៃ ១១០លានបាត(ប្រមាណ ៣,៥លានដុល្លារ) របស់អតីតនាយករដ្ឋមន្ត្រីស្រីដំបូងគេនៅប្រទេសថៃរូបនេះ ក៏ត្រូវបានរឹបអូសផងដែរ។
ក្រៅពីផ្ទះដែលមានតម្លៃមហាសាលខាងលើ នាយកដ្ឋានអនុវត្តច្បាប់របស់ប្រទេសថៃ ក៏បានរឹបអូស ដី អាផាតមិន និងគណនីធនាគារលើសពី ១២គណនី។ ចំពោះទ្រព្យសម្បត្តិដែលអាចលក់បាន ក្រៅពីផ្ទះជាង ៣លានដុល្លារនោះ អាចមានតម្លៃសរុបប្រមាណ ៣៥លានបាតទៀត (ប្រមាណ ១,១លានដុល្លារ) អាចនឹងត្រូវដាក់ដេញថ្លៃ ដើម្បីដោះស្រាយករណីខូចខាតពីគម្រោងទិញស្រូវអង្ករកាលពីអ្នកស្រី យីងឡាក់ នៅកាន់អំណាច។
លោកស្រី យីងឡាក់ ត្រូវបានតុលាការកំពូលថៃចេញសាលដីកា កាត់ទោសដាក់ពន្ធនាគារ ២ឆ្នាំ លើករណីប្រើគោលនយោបាយខុស ពេលកាន់អំណាច។ ប៉ុន្តែលោកស្រី មិនបានបង្ហាញខ្លួនឡើយ ដោយព្យាយាមលាក់មុខ និងគេចខ្លួនទៅបរទេសតាំងពីខែសីហា។ មិនមាននរណាបានដឹងពីកន្លែងលាក់ខ្លួនរបស់លោកស្រី យីងឡាក់ ទេ ទោះបីអាជ្ញាធរតាមប្រមាញ់យកមកដាក់ពន្ធនាគារក្ដី។
យ៉ាងណាមិញ កាលពីដើមខែមករាកន្លងទៅ ស្រាប់តែមានរូបថតមួយសន្លឹក បានបង្ហាញថា លោកស្រី យីងឡាក់ មានវត្តមាននៅក្នុងប្រទេសអង់គ្លេស។ រូបថតនោះត្រូវបានថតដោយអ្នកទេសចរម្នាក់ ដែលចំណាំអ្នកស្រីបាន ហើយត្រូវគេចែ្កចាយបន្តពេញបណ្ដាញសង្គមតែម្ដង។ មុនពេលរូបនោះចែកចាយ ក៏មានអ្នកអះអាងថា បានឃើញលោកស្រីនៅផ្សារទំនើបមួយនៃប្រទេសអង់គ្លេស ដែលធ្វើឲ្យសមត្ថកិច្ចថៃចាត់វិធានការតាមស្វែងរកបន្ទាន់ ប៉ុន្តែមិនទាន់បានផល។
លោកស្រី យីងឡាក់ គឺជាប្អូនស្រីបង្កើតរបស់អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីង ស៊ីណាវ៉ាត្រា។ លោកស្រីបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីទី២៨ នៅឆ្នាំ២០១១ និងដឹកនាំប្រទេសរហូតដល់ឆ្នាំ២០១៤។ នៅថ្ងៃទី៧ ខែឧសភា នាយករដ្ឋមន្ត្រីវ័យ ៥០ឆ្នាំរូបនេះ ត្រូវបានតុលាការធម្មនុញ្ញថៃ ប្រកាសដកតំណែង ដោយចម្រូងចម្រាស ព្រោះមូលហេតុប្រើអំណាចហួសព្រំដែន៕ (អត្ថបទបកប្រែដោយ Angkor Fresh ហាមលួចចម្លងដោយគ្មានការអនុញ្ញាត)
ប្រែអត្ថបទ៖ លី គីមហ្គិច
ប្រភព៖ Bangkok Post
ប្រភព៖ Bangkok Post
No comments:
Post a Comment