រថភ្លើងដឹកអ្នកដំណើរ ភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ន នៅព្រឹកថ្ងៃទី១០មេសានេះហើយ។ ការដឹកជញ្ជូនតាមផ្លូវដែកប្រវែងប្រមាណ ១០ គ.ម នេះ នឹងដឹកអ្នកដំណើរ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១០មេសា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នឹងអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវការដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងនេះ។ លោករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ នឹងជិះរថភ្លើង នៅព្រឹកថ្ងៃទី១០មេសា ចេញពីស្ថានីយកណ្តាល នៅជិតសាលារាជធានីភ្នំពេញ ឆ្ពោះទៅស្ថានីយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវរថភ្លើងនេះ ចំណាយពេលប្រមាណ ៣០ នាទី និងអាចផ្ទុកអ្នកដំណើរបានប្រហែល ១០០ នាក់ ហើយទូររថភ្លើងទាំងនោះបំពាក់ដោយម៉ាស៊ីនត្រជាក់។ ក្រសួងបានបន្ថែមថា ក្រុមហ៊ុន Royal Group បានកុម្ម៉ង់ទិញរថភ្លើងធុនស្រាល សម្រាប់ដំណើរការលើកំណាត់ផ្លូវដែកពីស្ថានីយរថភ្លើងភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចំនួន ៤គ្រឿង ពីប្រទេសម៉ិកស៊ីកូ ដោយក្នុងរថភ្លើង ១គ្រឿង តម្លៃប្រមាណ ២លានដុល្លារ៕
អត្ថបទ៖ លីហៀង
No comments:
Post a Comment