ក្រុមហ៊ុនរបស់មីយ៉ាន់ម៉ា Gobo East Entertainment Hotel & Casino បានបើកសម្ពោធសណ្ឋាគារ និងកាស៊ីណូ តម្លៃ ១៣លានដុល្លាររបស់ខ្លួន នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែមេសា កន្លងទៅ ក្រោមអធិបតីភាពលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួង ទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
សណ្ឋាគារ និងកាស៊ីណូ Gobo East មានកម្ពស់ ៥ជាន់ មាន ១២៣បន្ទប់។
លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា សណ្ឋាគារ និងកាស៊ីណូនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះសីហនុ ដែលជាខេត្ដភាគនីរតីនៃប្រទេសកម្ពុជា មានសក្តានុពល ផ្នែកឧស្សាហកម្មទេសចរណ៍។ លោកជំទាវបន្ថែមថា សមិទ្ធផលថ្មីនេះ ជាការឆ្លុះបញ្ចាំង នូវការលូតលាស់ទៅមុខឥតឈប់ឈរ នៃការវិនិយោគបរទេស និងវិស័យឯកជននៅកម្ពុជា ដែលបានទាក់ទាញបាននូវកម្លាំងពលកម្មជាង ៦០០នាក់។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាខេត្តព្រះសីហនុ បានទទួលការវិនិយោគកាស៊ីណូ និងសណ្ឋាគារជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីពាក់កណ្តាលខែមីនាកន្លងទៅនេះ ម៉ាកយីហោសណ្ឋាគារលំដាប់អន្តរជាតិរបស់អាមេរិក Marriott បានសហការជាមួយក្រុមហ៊ុនក្នុងស្រុក Grand Lion Group សាងសង់សណ្ឋាគារផ្កាយប្រាំ នៅឆ្នាំ២០២២ ដោយចាយទុនវិនិយោគប្រមាណ ២០០ លានដុល្លារអាមេរិក។
លោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate បានថ្លែងប្រាប់ខ្លីៗឲ្យដឹងថា សកម្មភាពវិនិយោគលើវិស័យអចលនទ្រព្យក្នុងខេត្តព្រះសីហនុនៅតែមានសកម្មភាពផុសផុលនាពេលបច្ចុប្បន្ន។ លោកបានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្នក៏មានសណ្ឋាគារលំដាប់អន្តរជាតិមួយចំនួនហើយ ដែលបានវិនិយោគក្នុងខេត្តដែលមានសក្តានុពលើវិស័យទេសចរណ៍ និងឧស្សាហកម្មមួយនេះ៕
អត្ថបទ៖ សិរីឧត្តម
No comments:
Post a Comment