ក្រោយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំណីអាហាររវាងក្រុមហ៊ុន Alibaba និងមន្ត្រីថៃ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ គេសង្កេតឃើញថា អតិថិជនចិនបាននាំគ្នាកុម្ម៉ង់ទិញផ្លែទុរេនជាង ៨ម៉ឺនផ្លែ ពីប្រទេសថៃ ក្នុងរយៈពេលត្រឹមតែ ១នាទីប៉ុណ្ណោះក្រោយការបង្ហោះលក់អនឡាញ។
ទុរេន ដែលមានទម្ងន់សរុបជាង ២០ម៉ឺនគីឡូក្រាម ត្រូវបានកុម្ម៉ង់ទិញតាមកម្មវិធី Tmall របស់ Alibaba។ លើកម្មវិធីនេះ គេឃើញ ការកុម្ម៉ង់ផ្លែទុរេន ទម្ងន់ ៤,៥ ទៅ ៥គីឡូក្រាម មានតម្លៃ ៣២ដុល្លារ រាប់បញ្ចូលទាំងការដឹកជញ្ជូន និងពន្ធ។
ផ្លែឈើដ៏ពេញនិយមនៅអាស៊ីនេះ នឹងត្រូវលក់តាមរយៈ Alibaba ដោយមធ្យោបាយនានា បន្ទាប់ពីក្រុមហ៊ុនយក្សរបស់ចិនមួយនេះ បានចុះហត្ថលេខាជាមួយថៃ ក្នុងទឹកប្រាក់ជិត ៥០០លានដុល្លារអាមេរិក។
សូមជម្រាបថា អតិថិជនចិន បានទិញទំនិញដែលនាំចូលពីបរទេស មានទឹកប្រាក់ជាង ១,២ពាន់លានដុល្លារអាមេរិក តាមរយៈមធ្យោបាយអនឡាញផ្សេងៗ កាលពីឆ្នាំ២០១៧។ ក្នុងនោះ ចំណីអាហារ ក៏មានចំណែកធំមួយផងដែរ៕
No comments:
Post a Comment