ម្ចាស់កសិដ្ឋានចិញ្ចឹសត្វទន្សាយធំមួយ មានទីតាំងស្ថិតនៅក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ គ្រោងនឹងពង្រីកជាសួនសត្វទន្សាយបន្ថែមនាពេលឆាប់ៗខាងមុខ។ ការបង្កើតសួននេះ ក្នុងបំណងបម្រើដល់ការទស្សនាកម្សាន្តពីអ្នកស្រលាញ់ចូលចិត្តសត្វទន្សាយនៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក។ អ្នកស្រី កែវ ម៉ាឡែន ម្ចាស់កសិដ្ឋាន Cambofarm Rabbitry ឱ្យដឹងថា សួនទន្សាយ(Rabbit Garden) នឹងអាចលេចចេញជារូបរាងនៅពេលឆាប់ៗខាងមុខ ខណៈបច្ចុប្បន្នកសិដ្ឋានអ្នកស្រីមានទន្សាយខ្ទង់ពាន់ក្បាលបើរាប់ទាំងធំ ទាំងតូច។
«ខ្ញុំចង់ធ្វើសួនទស្សនាទន្សាយនេះ ដែលអាចឱ្យបងប្អូននាំកូនតូចមកលេងកម្សាន្តនៅថ្ងៃចុងសប្តាហ៍ ព្រោះថាក្មេងៗភាគច្រើនចូលចិត្តទន្សាយ។ ទន្សាយអត់ចេះរំខានមនុស្ស និងរស់នៅតែកន្លែងស្អាត។ អ្នកខ្លះតាំងពីក្មេងដល់ចាស់មិនដែលឃើញទន្សាយផ្ទាល់ទេ…អញ្ចឹងពេលសួននេះដំណើរការគាត់អាចកាន់លេង និងស្គាល់កាន់តែច្បាស់នូវភិនភាគរបស់ទន្សាយ»។ អ្នកស្រី កែវ ម៉ាឡែន បន្ថែម។ ម្ចាស់កសិដ្ឋានចិញ្ចឹមទន្សាយមានសុទិដ្ឋិនិយមថា នៅពេលសួននេះដាក់ឱ្យដំណើរការនឹងទទួលបានការគាំទ្រ ព្រោះថាបច្ចុប្បន្ននេះកសិដ្ឋានបានទទួលស្វាគមន៍រួចមកហើយ នូវសិក្សានុសិស្សមកពីសាលាអន្តរជាតិ និងកុមារកំព្រាតាមអង្គការសមាគមមួយចំនួន មកស្វែងយល់ពីការថែរក្សាសត្វទន្សាយ និងជាការកម្សាន្ត។
ការរៀបចំសួនទន្សាយនឹងត្រូវរៀបចំឡើងតាមលទ្ធភាពបន្តិចម្តងៗ ព្រោះទីតាំងបានកំណត់រួចហើយ ពោលគឺនៅក្បែរគ្នានឹងកសិដ្ឋានចិញ្ចឹមតែម្តង។ អ្នកស្រីបញ្ជាក់។ ទាក់ទងនឹងគម្រោងដំណើរការសួនទន្សាយនេះ អ្នកស្រី កែវ ម៉ាឡែន ថា កន្លងមកក៏ធ្លាប់មានអ្នកចង់សហការបើកសួននេះដែរ ដែលអ្នកទាំងនោះមានទីតាំង ចំណែកអ្នកស្រីមានទន្សាយ ប៉ុន្តែថាគម្រោងនេះបានស្ងប់ស្ងាត់ទៅវិញ។
កសិដ្ឋានចិញ្ចឹមទន្សាយ Cambofarm Rabbitry ត្រូវបានបង្កើតឡើងអំឡុងឆ្នាំ២០១៤ និងអាចចាត់ទុកជាកសិដ្ឋានចិញ្ចឹម និងបង្កាត់ទន្សាយធំជាងគេទូទាំងប្រទេសផងដែរ។ ផ្តើមចេញពីការស្រលាញ់ចូលចិត្តសត្វចិញ្ចឹម កាលពីជាង១០ ឆ្នាំមុន អ្នកស្រី ម៉ាឡែន និងស្វាមីបានយកសត្វទន្សាយពីរក្បាលប៉ុណ្ណោះមកចិញ្ចឹម ប៉ុន្តែរហូតមកដល់ពេលនេះបានកើតកូនពូនជាចៅខ្ទង់ពាន់ក្បាល និងមានអតិថិជនជាវយកទៅចិញ្ចឹមជាបន្តបន្ទាប់។ បច្ចុប្បន្នអាជីវកម្មទន្សាយបានផ្តល់ប្រាក់ចំណូលគួរសមដល់គ្រួសារអ្នកស្រី៕
ចុចអាន៖
អត្ថបទដោយ៖ សុផល
No comments:
Post a Comment