កាលពីឆ្នាំ ២០១៣ Facebook បានទិញយកក្រុមហ៊ុនមួយឈ្មោះ Onavo Protect ដែលជំនាញលើ ប្រព័ន្ធ VPN។ ពេលនេះបណ្ដាញសង្គមយក្សបានជំរុញប្រព័ន្ធនេះនៅលើឧបករណ៍ iOS ដើម្បីតាមដានទម្លាប់ប្រើអ៊ីនធឺណិតរបស់អ្នកប្រើប្រាស់។
នៅលើកម្មវិធី Facebook អ្នកនឹងឃើញមុខងារថ្មីមួយឈ្មោះថា "Protect”។ ពេលចុចលើវា អ្នកនឹងចូលទៅដល់ផ្ទាំង App Store នៃកម្មវិធី "Onavo Protect – VPN Security”។ សម្រាប់អ្នកដែលមិនដឹង VPN ដំណើរការដោយការពារទិន្នន័យរបស់អ្នកប្រើប្រាស់ និងកុំឲ្យក្រុមហ៊ុនអ៊ីនធឺណិត ឬ វិបសាយតាមដានអ្នកប្រើប្រាស់បាន។ យ៉ាងណាក្ដី Facebook ទិញយក Onavo ក្នុងហេតុផលផ្ទុយពីនេះ។
តាមការចុះផ្សាយរបស់ The Wall Street Journal ក្រុមហ៊ុន Facebook ទិញយក Onavo Protect ដើម្បីតាមដានទម្លាប់ប្រើប្រាស់អ៊ីនធឺណិតរបស់អ្នកប្រើ Facebook។ នៅក្នុង Description របស់កម្មវិធី Onavo Protect ក៏មានសរសេរពីគោលបំណងថា ៖ "ជាផ្នែកមួយនៃដំណើរការ Onavo ប្រមូលយក Traffic នៃការប្រើអ៊ីនធឺណិតលើទូរសព្ទរបស់អ្នក។ ធ្វើដូចនេះអាចឲ្យយើងកាន់តែល្អប្រសើរ និងផ្ដល់ដំណើរការសេវាកម្ម Onavo តាមរយៈការវិភាគលើការប្រើវិបសាយ, កម្មវិធី និងទិន្នន័យរបស់អ្នក"។
បន្ថែមពីនេះ Onavo បានបញ្ជាក់ថា Facebook ក៏បានប្រើប្រាស់ទិន្នន័យទាំងនេះ ដើម្បីបង្កើនគុណភាពផលិតផល និងសេវាកម្មរបស់ខ្លួនផងដែរ។ ស្របពេលដែលកម្មវិធីនេះកំពុងជំរុញដល់អ្នកប្រើប្រាស់លើ iOS វាក៏អាចដោនឡូដនៅលើ Android Play Store បានដែរ។ ហេតុនេះបើមិនចង់ឲ្យ Facebook តាមដានអ្នកគ្រប់សកម្មភាពទេ គួរណាកុំដំឡើងកម្មវិធីនេះ៕
No comments:
Post a Comment