កាលពីពេលថ្មីៗនេះ មន្ត្រីយោធាអាមេរិចបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ដាក់សំណើឲ្យធ្វើក្បួនព្យុហយាត្រាដ៏ធំមួយ។
យោងតាមមន្ត្រីការពារជាតិម្នាក់ឲ្យដឹងថា ប្រសិនបើលោក ត្រាំ នៅតែទទូចឲ្យមានក្បួនព្យុហយាត្រាក្នុងទីក្រុង Washington នោះបញ្ហាចម្បងទី ១ គឺការប៉ះពាល់ដល់កាលវិភាគហ្វឹកហាត់ដ៏សំខាន់របស់កងទ័ព។ លោកបន្តថា ក្បួននេះនឹងត្រូវចូលរួមដោយទាហានរាប់ពាន់នាក់ , រថពាសដែក , មីស៊ីល និងអាវុធធុនធ្ងន់ជាច្រើនគ្រឿងទៀត ដែលវានឹងចំណាយពេលយូរក្នុងការបម្លាស់ទី។
មន្ត្រីខាងលើ ក៏បានឲ្យដឹងដែរថា បញ្ហាចម្បងមួយទៀត គឺការចំណាយថវិកាសម្រាប់ព្រឹត្តិការណ៍ទាំងមូលនេះតែម្ដង។ តាមការប៉ាន់ប្រមាណជាបឋមបង្ហាញថា ការចំណាយសរុបអាចនឹងមានចន្លោះពី ៣ លាន ទៅដល់ ៥០លានដុល្លារ។
ជាមួយគ្នាផងដែរ នាយកគ្រប់គ្រងថវិកាជាតិ លោក Mick Mulvaney បាននិយាយកាលពីថ្ងៃ ពុធ ថាតាមការប៉ាន់ប្រមាណរបស់លោក ក្បួនព្យុហយាត្រានេះ អាចចំណាយចន្លោះពី ១០ លាន ទៅ ៣០ លានដុល្លារឯណោះ។
គួរឲ្យដឹងថា ប្រធានាធិបតីអាមេរិកទី ៤៥ រូបនេះ ចង់ឲ្យមានការហែក្បួនយោធា នៅលើវិថី Pennsylvania Avenuse ក្នុងរដ្ឋធានីវ៉ាស៊ីងតោន បន្ទាប់ពីលោកបានទស្សនាការដង្ហែក្បួនរបស់យោធា នៅក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧៕
No comments:
Post a Comment