ពីជីវិតរសាត់អណ្តែត យុវជនមកពីខេត្តបាត់ដំបងម្នាក់កំពុងប្រែកាយជាអនាគតតារាហូលីវូដម្នាក់នៅទីក្រុង Los Angeles ក្នុងសាលកវិទ្យាល័យសិល្បៈរបស់សហរដ្ឋអាមេរិក Upright Citizen's Brigade (UCB) និងថ្នាក់អនុវត្តន៍សម្តែង បច្ចេកទេសសម្តែង នៅក្នុង Playhouse West របស់ហូលីវូដ។
យុវជន ប៉ាល់ មុន្នី វ័យ២៧ឆ្នាំ គឺជាសិស្សរៀនសម្តែងភាពយន្តដំបូងម្នាក់នៅក្នុងស្ថាប័នខាងលើ ដែលធ្វើឱ្យរូបគេផ្ទាល់ស្ទើរនឹកស្មានមិនដល់ ព្រោះ មុន្នី មិនដែលគិតថាអាចមានជីវិតមករស់នៅប្រទេសមហាអំណាច ហើយមានឱកាសចូលរៀនក្នុងសាលារៀនដែលមានតួសម្តែងជាច្រើននៅហូលីវូដកំពុងរៀន និងអនុវត្តដូចគ្នា។ មុន្នី ក៏ប្រាប់ឱ្យដឹងដែរថា ការបោះជំហានក្នុងឧស្សាហកម្មភាពយន្តនៅហូលីវូដ ម្នាក់ៗត្រូវប្រឡងចូល និងតាមរយៈការណែនាំពីគ្រូឧទ្ទេសណាម្នាក់ពីសាលារៀនខាងលើ។ ដោយសារមុន្នី មានបទពិសោធន៍ហាត់រៀនសម្តែងតាំងពីក្មេង និងធ្លាប់ជាសមាជិកក្រុមដើរម៉ូដសម្លៀកបំពាក់មួយកន្លែងផងនោះ ទើបរូបគេប្រឡងជាប់ជាជម្រើសសិស្សបង់ថ្លៃនៅទីនោះ។
រម្លឹកពីការចាប់ផ្តើមរបស់យុវជនសម្បុរស្រអែមម្នាក់នេះបន្តិច រូបគេបានផ្លាស់ប្តូរមករស់នៅសហរដ្ឋអាមេរិច ក្នុងឆ្នាំ ២០០៧ តាមរយៈការធានារបស់ម្តាយបង្តើតរបស់ខ្លួន។ កាលដើមឡើយ មុន្នី រស់នៅស្នាក់អាស្រ័យជាមួយសាច់ញាតិ ព្រោះជាក្មេងកំព្រាឪពុកតាំងពីអាយុ ៤ឆ្នាំ ទាំងដែលរូបគេមិនចាំថា ឪពុករបស់ខ្លួនមានរូបរាងបែបណា។ បើតាមការបញ្ជាក់របស់ មុន្នី លោកឪពុករបស់ខ្លួនបានបាត់ខ្លួន ហើយក៏គ្មានឮដំណឹងរហូតមកពេលនេះ ដែលគ្រប់គ្នាក្នុងស្រុកភូមិតែងប្រាប់មុន្នីថា ឪពុកប្រហែលជាស្លាប់បាត់ហើយ។
បែបនេះហើយបានជាជីវិតរបស់មុន្នី គឺតែលតោល និងគ្មានគោលដៅច្បាស់លាស់ មិនបានចូលរៀនដូចកូនគេដទៃនោះឡើយ។ មុន្នីត្រូវទម្លាប់ធ្វើការងារតាំងពីតូច និងឆ្លៀតពេលរៀនក្នុងសាលាបណ្តុះបណ្តាលដែលផ្តល់ឱកាសដល់ក្មេងៗ ដែលមិនអាចទៅសាលាបានមករៀន និងចែករបស់ហូបឱ្យខ្លះ។ ទីនោះហើយដែលមុន្នី បានរៀនសូត្រភាសាអង់គ្លេស ហើយរូបគេក៏បានរៀនហាត់សម្តែងលើឆាកក្នុងសាលាខ្លះៗ ដែលបណ្តាលឱ្យមានអារម្មណ៍តែលើការសម្តែងសិល្បៈរហូតមក។
ជីវិតបានផ្លាស់ប្រែ មុន្នី ក៏បានមកដល់ក្នុងរដ្ឋ Los Angeles តាមអនុញ្ញាតរបស់ម្តាយ ដើម្បីស្វែងរកទិសដៅសម្តែងសិល្បៈក្នុងភាពយន្តដែលមុន្នី គិតថាវាជាការងារមួយដែលរូបគេអាចប៉ិនប្រសប់ និងបង្ហាញពិភពលោកពីកម្ពុជា។ មុន្នី ប្រាប់ Sabay ឱ្យដឹងថា៖ «នៅទីនេះគេស្គាល់ភាគច្រើនតែប្រទេស ថៃ វៀតណាម គេមិនសូវស្គាល់អ្វីជាកម្ពុជា ឬខ្មែរនោះទេ ដល់ពេលគេបានស្គាល់ខ្ញុំ ហើយបានដឹងថាខ្ញុំមកពីខ្មែរ គ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំង»។
មុន្នី ប្រាប់ឱ្យទៀតថា ខ្លួនកំពុងហាត់រៀនសម្តែង និងតែងតែសម្តែងក្នុងភាពយន្តខ្លីៗមួយចំនួន ហើយវាដូចជា កិច្ចការសាលារៀន ដែលគ្រូដាក់ឱ្យហ្វឹកហាត់។ រាល់កិច្ចការសម្តែងជាលំហាត់ និងតែងជាមេរៀនថ្មី ព្រោះជួនកាលអាចសម្តែងជាតួ កាច កម្សត់ ឬតួឆ្កួតឡប់សតិជាដើម ហើយមេរៀននីមួយៗពិតជាលំបាកលើសពីការស្មាន។ យុវជន ប៉ាល់ មុន្នី បញ្ជាក់ថា៖ «ការហាត់សម្តែង មិនខុសអីពីការសម្តែងក្នុងរឿងទេ ខ្ញុំត្រូវអាន Script និងហាត់រៀនតាមគេនៅផ្ទះបន្ថែម មានពេលខ្លះខ្ញុំត្រូវដូរចរិតដូចមនុស្សឆ្កួត ទៅតាមតួអង្គក្នុង Script នោះជាងមួយអាទិត្យ ស្ទើរតែវង្វេងខ្លួនឯង តែអ្វីដែលគ្រប់គ្នានៅទីនេះធ្វើ គឺត្រូវតែលើសពីមនុស្សធម្មតា បើនៅស្រុកខ្មែរ ប្រហែលគេថាយើងឆ្គួតគ្រប់គ្នាហើយ»។
ការងារសម្តែង នេះជាផ្នែកដ៏សំខាន់ដើម្បីធ្វើឱ្យភាពយន្តមានអត្ថន័យ ហើយតួសម្តែងនៅទីនោះ (ហូលីវូដ) ទោះជាល្បីរួចហើយក្តី ក៏មិនដែលឈប់សម្រាកពីការហាត់រៀន ហ្វឹកហាត់សម្តែងដែរ។ តួសម្តែងម្នាក់គឺមិនស្ថិតលើសម្រស់ធម្មជាតិទាំងអស់នោះទេ បើគ្មានសម្ថភាពសម្តែងទោះជាស្អាតដូចទេវតា ក៏មិនអាចសម្តែងបានឡើយ ព្រោះទស្សនិកជនពេញចិត្តលើតួអង្គមុន ទើបពេញចិត្តលើបុគ្គលតាមក្រោយ នេះបើតាមសង្កេតពី មុន្នី ពេលហាត់រៀនជាប្រចាំនៅសាលារៀន។
ជាយុវជនខ្មែររស់នៅលើទឹកដីសហរដ្ឋអាមេរិក និងឈានចូលក្នុងវិស័យសម្តែងនៅហូលីវូដ ពិតជាអ្វីដែលមនុស្សគ្រប់គ្នានឹកស្មានមិនដល់នោះទេ តែសម្រាប់មុន្នី ឱកាសគឺមានស្មើគ្នានៅទីនេះ បើអ្នកមានលក្ខណៈសម្បត្តិ និងសមត្ថភាពសម្តែងពិតនោះ ការក្លាយជាតួឯកណាមួយនៃផលិតកម្មធំរបស់ហូលីវូដ គឺនៅមិនឆ្ងាយនោះទេ។ ពិសេសសម្រាប់ ផល មុន្នី ជាជនជាតិខ្មែរ ជាប្រទេសដែលសម្បូរដោយរឿងរ៉ាវ ដែលគ្មានណាដឹងឮច្រើនទៀតនោះ ឱកាសសម្រាប់មុន្នី សម្តែងក្នុងភាពយន្តបែបអាស៊ីធ្វើដោយហូលីវូដគឺមានច្រើនជាងជនជាតិដទៃ។
បច្ចុប្បន្ន មុន្នី ខិតខំរៀនសម្តែងភាពយន្ត និងហ្វឹកហាត់បន្ថែម ហើយក៏ក្លាយខ្លួនជាតួសម្តែងក្នុងគម្រោងភាពយន្តមធ្យមមួយចំនួននៅហូលីវូដដែរ ហើយរូបគេក៏កំពុងសម្តែងក្នុងប្រភេទភាពយន្ត Sitcom របៀបជារឿងកំប្លែងនៅលើឆាក របស់ស្ថានីយទូរទស្សន៍ និងចូលរួមផលិតស្ប៉តពាណិជ្ជកម្ម បង្ហាញម៉ូដសម្លៀកបំពាក់ជាដើម ដែលគម្រោងនីមួយៗ មានតម្លៃត្រឹម ១ ពាន់ដុល្លារ ទៅ ១ម៉ឺនដុល្លារប៉ុណ្ណោះ ក្នុងមួយថ្ងៃ ទៅ១សប្តាហ៍ តាមទំហំនៃការងារ ដែលនេះត្រឹមលក្ខណៈតិចតួចនៅឡើយសម្រាប់តួសម្តែងថ្មីៗនៅហូលីវូដ៕
រូបភាពៈ ផ្តល់សិទ្ធិដោយ ផល មុន្នី
No comments:
Post a Comment