រងពាក្យមើលងាយគ្រប់យ៉ាង តន្ត្រីករ គែន លោក មុន ហៃ នៅតែឱបគែនជាប់ខ្លួនជានិច្ច ហើយបានជម្នះពាក្យស្ដីថារបស់អ្នកស្រុក រហូតបានទៅសម្ដែងដល់ប្រទេសអង់គ្លេស។
គែន ជាឧបករណ៍តន្រ្តីបុរាណខ្មែរមួយដែលមិនសូវមានវត្តមានលើឆាកសិល្បៈខែ្មរឡើយ។ អ្នកស្រលាញ់ស្ម័គ្រស្មោះលើឧបករណ៍ គែន លោក មុន ហៃ បានប្រាប់ថា លោកស្រលាញ់សិល្បៈ បុរាណនេះតាមលោកឪពុកដែលជាសិល្បករគែនម្នាក់ ប៉ុន្តែលោកមិនបានហ្វឹកហាត់ពីសិល្បៈមួយនេះពីឪពុកលោកឡើយ ព្រោះលោកបានលាចាកលោកដោយរបប៣ឆ្នាំ៨ខែ២០ថ្ងៃ។
ដោយចិត្តស្រលាញ់លោកបានទៅរៀនពីគ្រូម្នាក់ដែលចេះលេងឧបករណ៍មួយនេះ ហើយកាលគ្រានោះ គែនគ្មានអ្នកចេះធ្វើនៅក្នុងស្រុកខ្មែរទេ ដូច្នេះលោកបានផ្ញើលុយតាមទាហានអ៊ុនតាក់ដែលគេអាចដើរចូលជំរំព្រំដែនកម្ពុជាថៃបាន ឲ្យទិញគែនឲ្យលោក។
ក្រោយពីលោកបានរៀនសិល្បៈមួយនេះ អ្នកភូមិភាគច្រើនតិះដៀលថា លោកជាមនុស្សឆ្កួត ឡប់អត់គ្រប់ទឹកជាដើម។ «មុនពេលអ៊ំបានមកបង្ហាញឲ្យគេស្គាល់ពីឧបករណ៍នេះនៅភ្នំពេញ មានអ្នកភូមិចេះតែថាឲ្យអ៊ំអើយយកបំពង់ឫស្សីទៅភ្នំពេញមិនចេះខ្មាសគេអ្វី? លេងអ្វីតន្រ្តីអាចម៍ឆ្កែ យកទៅហ្នឹងគ្មានអ្នកមើលទេ។ អ៊ំគិតវិញថានេះជារឿងរបស់អ៊ុំដែលលង់ស្រលាញ់វាទៅហើយ អ៊ំមិនគិតថាមានអ្នកមើលឬក៏អត់ទេ ។» លោក មុន ហៃ រៀបរាប់ទាំងស្រងូតស្រងាត់។ ទោះរងការដៀលត្មះយ៉ាងណា ក៏អ្នកឧត្តមានជ័យម្នាក់នេះបានព្យាយាមបង្ហាត់ដល់កូនចៅរបស់លោកឲ្យចេះសិល្បៈបន្តទៀត។ គ្មានការបោះបង់ គ្មានបរាជ័យ កាលពីឆ្នាំពី២០១៧ លោក មុន ហៃបាននាំយកឧបករណ៍គែននេះទៅសម្ដែងដល់ប្រទេសអង់គ្លេសដោយសារឧបករណ៍ដែលគេមើលងាយនេះ។
«កាលពីខែ៧ ឆ្នាំ២០១៧ ខ្ញុំបានទៅសម្ដែងនៅទីក្រុងឡុង ប្រទេសអង់គ្លេស តាមរយៈក្រុមរថយន្តតន្រ្តីទិព្វ ខ្ញុំទៅផ្លុំគែនជូនដល់ភ្ញៀវបានទស្សនា គេគាំទ្រខ្លាំងណាស់ នេះព្រោះឫស្សីមួយគុម្ព ដែលមានធ្វើឲ្យខ្ញុំស្គាល់ប្រទេសគេ បើគ្មានវាទេខ្ញុំមិនស្គាល់អង់គ្លេសឡើយ»។
សិល្បៈមួយនេះក្រៅពីផ្តល់ឲ្យលោកបានស្គាល់ស្រុកក្រៅហើយ តែវាបានផ្តល់ចំណូលប្រចាំខែដល់លោកតាមរយៈការបង្រៀនសិល្បៈ និងចេញសម្ដែងទៀតផង ជាពិសេសធ្វើឲ្យលោកគេចផុតពីដំណៀលរបស់គេ។ តាមសម្តីលោក មុន ហៃ ឧបករណ៍គែន ដែលពេលនេះក្លាយជាភ្លេងតំណាងជាតិឡាវនេះ ក៏មានភស្ដុតាងថាជាឧបករណ៍ដូនតាខ្មែរតាំងពីយូរយាណាស់មកហើយ ព្រោះមានគំនូរឆ្លាក់នៅលើប្រាសាទបាយ័ន ។
មានវ័យ៦២ ឆ្នាំ លោក មុន ហៃ ជាកូនទី៥ ក្នុងចំណោមបងប្អូនស្រីប្រុស៥នាក់ ក្រោយពីចាប់ដៃគ្នាជាមួយភរិយា លោកមានកូនចំនួន ៥នាក់ ស្រី៤ ប្រុស១ ក្នុងចំណោមកូនទាំង៥ គ្មានអ្នកណាម្នាក់រៀនសិល្បៈនេះតាមលោកឡើយ មានតែចៅស្រីមា្នក់ និងប្រុសមា្នក់ដែលស្ម័គ្រចិត្តលេងសិល្បៈមួយនេះ ហើយក៏មានបំណងចែករំលែកដល់ក្មេងជំនាន់ក្រោយនេះដែរ៕
អត្ថបទៈ ស្រីអូន
No comments:
Post a Comment