គ្រាន់តែក្នុងខែកុម្ភៈ នេះមានព័ត៌មានផ្ទុះកក្រើកក្នុងសង្គមកម្ពុជាជាបន្តបន្ទាប់។ ក្នុងនោះករណីរោងភាពយន្តមានគ្រែគេងសម្រាប់គូស្នេហ៍ និងហាងខារ៉ាអូខេ មាននារីរាំស្រាត គឺជាព័ត៌មានល្បីសុសសាយពេញបណ្ដាញសង្គមកម្ពុជាតែម្ដង។ ដូច្នេះសូមមកតាមដានរឿងរ៉ាវលម្អិតដូចខាងក្រោមនេះ៖
១. រោងភាពយន្តដ៏ចម្លែកមានគ្រែគេងសម្រាប់គូស្នេហ៍
កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៨ រោងភាពយន្ត Home Cinema ត្រូវបានសមត្ថកិច្ចខណ្ឌចម្ការមន ដែលដឹកនាំដោយលោក ហ៊ាង ថារ៉េត អធិការរង ចុះបង្ក្រាប និងសម្រេចបិទតែម្ដង បន្ទាប់ពីរកឃើញថា រោងភាពយន្តនេះ មិនមានកៅអីសម្រាប់អង្គុយទស្សនាឡើយ តែបែរជាមានគ្រែគេងសម្រាប់គូស្នេហ៍គេងទស្សនាកម្សាន្តទៅវិញ។
ទីតាំងបញ្ចាំងកុន Home Cinema នេះ មានទីតាំងស្ថិតនៅផ្ទះលេខS-32 ផ្លូវស៊ីលវ័រ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ បើតាមមន្ត្រីនគរបាលខណ្ឌចម្ការមនបានឲ្យដឹងថា ប្រតិបត្តិការ ចុះបិទទីតាំងបញ្ចាំងកុននេះ គឺបន្ទាប់ពីមានការឯកភាព ពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី កែវ សុគន្ធា ទើបលោក ហ៊ាង ថារ៉េត បានដឹកនាំកម្លាំងចុះបង្ក្រាបតែម្តង។
បើតាមការបញ្ជាក់ពីលោក ហ៊ាង ថារ៉េត បានឲ្យដឹងថា ទីតាំងបញ្ចាំងកុននេះ គឺមានភាពមិនប្រក្រតី ដោយវាចម្លែកត្រង់ថា មិនមានកៅអីសម្រាប់អង្គុយមើលទេ ប៉ុន្តែគេបែរជាដាក់គ្រែពូក សម្រាប់មនុស្សពីរនាក់ គេងមើលទៅវិញ។
២. ហាងខារ៉ាអូខេមាននារីរាំស្រាតដ៏ស្រើបស្រាល
ខារ៉ាអូខេមួយកន្លែង ដែលមាន យីហោ Coloso (កូលូសូ) ទីតាំងផ្លូវ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ សម្រេចឲ្យបិទទ្វារ ជាបណ្ដោះអាសន្ន ក្រោយបែកធ្លាយ មាននារីបម្រើការ ក្នុងខារ៉ាអូខេមួយនេះ បញ្ចេញចង្វាក់រាំ ដោះសម្លៀកបំពាក់។
នៅវេលាម៉ោង ៩យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងចម្រុះរដ្ឋបាល ខណ្ឌចំការមន ដឹកនាំដោយលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ព្រុំ សំខាន់ អភិបាល នៃគណៈអភិបាល ខណ្ឌចំការមន និងលោកស្រី គឹម វណ្ណា ប្រធានការិយាល័យ ទេសចរណ៍រាជធានីភ្នំពេញ បានចុះមកពិនិត្យទីតាំង ខារ៉ាអូខេខាងលើ ក្រោយវីដេអូមួយ ត្រូវបានចែកចាយ ពាសពេញបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញផ្ញើសារ អេឡិចត្រូនិកជាច្រើន។
ក្រោយពីបានចុះពិនិត្យសួរនាំ និងធ្វើកំណត់ហេតុ ចូលរួមជាមួយក្រុមការងារ ចម្រុះរួចរាល់ លោកស្រីព្រះរាជអាជ្ញារង បានសម្រេច បិទបន្ទប់ខារ៉ាអូខេ ចំនួន ៣៤បន្ទប់ ចាប់ពីម៉ោង ២៣គត់ យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្រុមការងារចុះត្រួតពិនិត្យបានបញ្ជាក់ថា ការចុះធ្វើកំណត់ហេតុ នៅបន្ទប់ ខារ៉ាអូខេ ចំនួន ៣៤ បន្ទប់នេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ១:៣០នាទី ឆ្លងចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨៕
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
No comments:
Post a Comment