ការរៀបចំកម្មវិធីសិល្បៈម្តងៗមិនមែនជារឿងងាយទេ ជាពិសេសការរៀបចំកម្មវិធីសិល្បៈបុរាណ ដែលពិបាកខ្លាំងក្នុងការរកគាំទ្រឧបត្ថម្ភ ។
អ្នកស្រលាញ់សិល្បៈបុរាណលោក នួន ឆៃឡូត ដែលរៀបចំកម្មវិធីព្រះគុណគ្រូល្ខោនខោលលើកទី ២ ទើបតែបញ្ចប់ក្នុងពេលថ្មីនេះ ប្រាប់ Sabay ថា ពិបាករកអ្នកឧបត្ថម្ភខ្លាំងណាស់សម្រាប់ការគាំទ្រសិល្បៈបុរាណក្នុងការរបចំកម្មវិធី លក្ខណៈវប្បធម៌នេះ។ លោកបន្តថានៅពេលដាក់លិខិតទៅតាមស្ថាប័នអង្គការមួយចំនួន គេបានត្រឹមតែឲ្យផ្ញើឯកសារទុកតែប៉ុណ្ណោះ ហើយតែងរង់ចាំដោយសង្ឃឹមថាគេនឹងងអាចជួយឧបត្ថម្ភកម្មវិធីដែរ ចុងក្រោយគឺបានតែចាំស្កក។
លោក នួន ឆៃឡូត ឲ្យដឹងថា « ការពិតកន្លងមកខ្ញុំធ្លាប់រៀបចំកម្មវិធីនេះ២ ដងមកហើយ។ លើកទីមួយគេក៏បានទៅស្នើតាមក្រុមហ៊ុនជាច្រើនដែរ ប៉ុន្តែពេលដាក់គម្រោងទៅ គឺគេស្នើឲ្យរៀបចំកម្មវិធីបែបគេ តែបើតាមធ្វើគេវាអាចខុសនឹងអ្វីដែលជាលក្ខណៈខ្មែរបុរាណ យើងមិនអាចសម្របតាមបានទេ! ពេលនោះហើយគឺគ្មានអ្នកឧបត្ថមតែម្ដង»។
ទោះជាយ៉ាងណាអ្នកសិល្បៈបុរាណរូបនេះ បញ្ជាក់ថាក្រោយពីរៀបចំកម្មវិធីកាលពីចុងឆ្នាំ២០១៧ លោកនៅជាប់បំណុលគេប្រមាណ ២ ០០០ដុល្លារទៀត ដែលត្រូវទទួលបន្ទុក។ ពេលនេះលោកមានតែធ្វើការងារ និងសន្សំប្រាក់ផ្ទាល់ខ្លួនសងគេតែប៉ុណ្ណោះ។
អ្នកបូជាកម្លាំងកាយចិត្តសម្រាប់សិល្បៈបុរាណម្នាក់ទៀត លោក ស៊ុប ស័ក្ខរា ដែលជាអ្នកផ្ដួចផ្តើមគំនិតរៀបចំបុណ្យបេតិកភណ្ឌ៣ឆ្នាំជាប់គ្នាកំពុងប្រកាសលក់ឡៃឡុងពីឧបករណ៍ ខ្មែរបុរាណដើម្បីដោះបំណុល។ លោកបាន និយាយពីការលំបាកខ្លួនប្រាប់ Sabay ថា លោកបានប្រកាសលក់ ស្បែក រនាត ស្គរ ដើម្បីដោះបំណុល ហើយក៏មានអ្នកជួយទិញខ្លះហើយ។ ចំណែកឯបំណុលមានជាង ៣ ០០០ ដុល្លារឯណោះ។ ការជំពាក់បំណុលនេះក៏ដោយសារតែគ្មានអ្នកឧបត្ថម្ភកម្មវិធីនេះដែរ។
ជុំវិញបញ្ហានេះឯកឧត្ដម ថៃ នរៈសត្យា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានបង្ហាញក្តីបារម្ភជុំវិញបញ្ហានេះផងដែរ។ លោកក៏សំណូមពរឲ្យម្ចាស់ក្រុមហ៊ុនសហគ្រាស ចូលរួមគាំទ្រឲ្យបានច្រើនចំពោះសកម្មភាពសិល្បៈបុរាណខ្មែរ ព្រោះជាព្រលឹងជាតិ។ «ក្មួយ! ពូចង់ឲ្យតែមានអ្នកឧបតម្ភសិល្បៈបុរាណឲ្យបានច្រើនទេ ដូច្នេះហើយសូមឲ្យម្ចាស់ក្រុមហ៊ុនឧបត្ថម្ភក្នុងកម្មវិធីសិល្បៈបុរាណផង ! សូមកុំចាប់អារម្មណ៍តែសម័យ។ សិល្បៈបុរាណយើងគឺជាអត្តសញ្ញាណជាតិយើង» ឯកឧត្ដម ថៃ នរៈសត្យា បន្ថែម។
តាមការអង្កេតមើលកម្មវិធីសិល្បៈបុរាណមិនសូវប្រារព្វឡើងបានញឹកញាប់ដូចសិល្បៈសម័យទេ ទោះនៅតាមកញ្ចក់ទូរទស្សន៍ និងតាមសាធារណៈក៏ដោយ។ ប្រៀបធៀបគ្នារវាងការចូលរួមទស្សនាក្នុងកម្មវិធីទាំងពីរនេះ ក៏សិល្បៈបុរាណខ្មែរ នៅមានចំនួនតិចជាងសិល្បៈសម័យនៅឡើយដែរ។ បើនិយាយពីអ្នកជំនួញ ច្បាស់ណាស់គេប្រាកដជាមើលទៅលើការចូលចិត្តរបស់ក្រុមគោលដៅ ថាស្រលាញ់ការកម្សាន្តបែបណា? ពេលនោះគេនឹងដាក់ឲ្យរៀបចំឧបត្ថម្ភឲ្យចំគោលដៅដើម្បី ជាការផ្សព្វផ្សាយរបស់ពួកគេ៕
អត្ថបទៈ ស្រីអូន
No comments:
Post a Comment