បញ្ជាក់ជាថ្មីម្ដងទៀតក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសុខាភិបាល២ កាលពីព្រឹកមិញនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា នឹងបង្កើតនូវមូលនិធិមួយទៀត សម្រាប់ជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលមានឈ្មោះថា (មូលនិធិគន្ធបុប្ផាកម្ពុជា) ដោយសម្ដេចនឹងធ្វើ ជាប្រធានកិត្តិយសតែម្ដង ។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បច្ចុប្បន្ននេះ មូលនិធិគន្ធបុប្ផាគឺ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រមូលមូលនិធិ ផ្ដល់ជូនពេទ្យគន្ធបុប្ផា ដើម្បីជួយព្យាបាលកុមារកម្ពុជារាប់លាននាក់នៅកម្ពុជា ។ ដូច្នេះទោះបីជាអវត្តមានលោកវេជ្ជបណ្ឌិត Beat Richner ក៏មន្ទីរពេទ្យមួយនេះនៅតែបើកបម្រើជូនកុមារកម្ពុជាដោយមិនគិតថ្លៃ។
មន្ទីរពេទ្យ គន្ធបុប្ផា ដែលមានវត្តមាននៅអំឡុងទសវត្សឆ្នាំ ១៩៧០ ហើយត្រូវបានបិទទ្វារទៅវិញនៅ ពេលខ្មែរក្រហមឡើងកាន់អំណាច និង បានចាប់ដំណើរការឡើងវិញនៅឆ្នាំ ១៩៩២ ក្រោមព្រះ រាជ្យតម្រិះរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រខ្មែរ និងលោកវេជ្ជបណ្ឌិត Beat Richner ជនជាតិស្វីសជាស្ថាបនិក៕
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
No comments:
Post a Comment