ព្រឹកមិញនេះ នៅមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណាបានធ្វើសន្និសីទសារព័ត៌មាន ដើម្បីប្រកាសការវិលជាថ្មីនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដែលត្រៀមនឹងធ្វើជាលើកទី៨ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ខាងមុខ។
មហោស្រពភាពយន្តអន្តរជាតិកម្ពុជាបានធ្វើឡើង៧ដងរួចមកហើយ ថែមទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗជាពីមួយឆ្នាំទៅមួយឆ្នាំ។ តួយ៉ាងកាលពីឆ្នាំ២០១៧កន្លងទៅ មហោស្រពខាងលើនេះទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់ ពោលគឺទទួលបានទស្សនាជាង២ម៉ឺននាក់ក្នុងរយៈពេល៥ថ្ងៃ។
ចំនួនដ៏ច្រើនលើសលប់នេះ ត្រូវបាននាយកដ្ឋានភាពយន្តបច្ចុប្បន្ន លោក ប៉ុក បូរក្ស រម្លឹកថាដោយសារតែមហោស្រពទទួលភាពយន្តជាច្រើនប្រទេស មិនថាអឺរ៉ុបអាស៊ី បូករួមទាំងកម្ពុជាផងមកដាក់បញ្ចាំង។ ពិសេសជាងនេះទៅទៀត គឺដោយសារវត្តមានកំពូលតារាសម្ដែងលំដាប់ហូលីវូដ Angelina Jolie ចូលរួមក្នុងពិធីបើមហោស្រពទើបអាចទាក់ទាញអ្នកគាំទ្របានយ៉ាងសន្ធឹកដូចនេះ។
ក្នុងនោះលោក Eloyan Kalyan អ្នកចាត់ចែងកម្មវិធីខាងលើ បានសង្កត់ន័យថា ក្នុងឆ្នាំនេះលោក និងក្រុមការងារបានស្នើទៅ Angelina Jolie ឲ្យចូលរួម និងគាំទ្រជាថ្មីសម្រាប់កម្មវិធីនេះ។
លោកបន្តឲ្យដឹងទៀតថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៨ ដែលមានការគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះ នឹងធ្វើឡើងចាប់ពីថ្ងៃ៥ ដល់ថ្ងៃទី១១ មីនា ឆ្នាំ២០១៨។ ព្រឹត្តិការណ៍នេះនឹងប្រមូលផ្ដុំភាពយន្តសរុប១២០ចំណងជើង មកពីប្រទេសជាច្រើនដូចជា បារាំង ថៃ កាណាដា អូស្ត្រាលី បែលហ្សិក ជប៉ុន ថៃ កាណាដា វៀតណាម ភូមា ចិន និងសិង្ហបុរី។
ភាពយន្តទាំងនេះនឹងត្រូវដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបក្នុងរាជធានីភ្នំពេញ មជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា និងវាលហាល នៅកោះពេជ្រ៕
អត្ថបទ៖ Men Sokna
No comments:
Post a Comment