ខាត់ សុឃីម ដែលគេដឹងថាមានទ្រព្យ និងអចលនទ្រព្យជាច្រើននោះ ចាប់ផ្ដើមមានទឹកមាត់លេបថែមទៀត បន្ទាប់ពីលឺដំណឹងរាជរដ្ឋាភិបាល ប្រកាសពីគម្រោងផ្លាស់ប្ដូរទីតាំងផ្សារបន្លែពីផ្សារដើមគទៅកាន់បឹងតាមោក ជាទីដែលនាងមានអចលនទ្រព្យមួយចំនួននៅទីនោះ។
តារាប្រជាប្រិយបានបើកបង្ហាញរឿងនេះ នៅលើបណ្ដាញសង្គមរបស់នាងនារសៀលម្សិលមិញ។ សុឃីម ថានាង មានដីមួយកន្លែងដែលមានទំហំជាង ៤០០០ការ៉េ ជាដីដែលនាងបានទិញទុកជាយូរឆ្នាំណាស់មកហើយ ដោយមិនបាននឹកស្មានថា វានឹងត្រូវចំគម្រោងកែលម្អក្រុងរបស់រាជរដ្ឋាភិបាលនោះទេ។ ស្រាប់តែពេលទទួលដំណឹងពីការផ្លាស់ប្ដូរទីតាំងផ្សារដើមគរបស់ផ្សារដើមគនោះ ធ្វើនាងគ្រប់ទឹកតែម្ដង ខណៈដំបូងឡើយនាងបានទិញដីនោះក្នុងតម្លៃធូរថ្លៃប៉ុណ្ណោះ។
ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្ដីប្រកាសលេខ ៨២៧ សជណ ចុះថ្ងៃទី ០២ សីហា ២០១៨ សម្រេចយកដីទំហំ ២០ហិកតារ នៅបឹងតាមោក ស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីសាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត និងអនុញ្ញាតឱ្យរើផ្សារបន្លែពីផ្សារដើមគ ទៅផ្សារថ្មីនៅបឹងតាមោកវិញ។
ផែនការនេះ ធ្វើឲ្យអ្នកមានដីនៅម្ដុំនោះ ចាប់ផ្ដើមមានសង្ឃឹមលើផលពីអចលនទ្រព្យរបស់ខ្លួន ក្នុងនោះមានទាំង ខាត់ សុឃីម ផង។ បែបនេះហើយ ទើបភ្លាមៗ នាងបានប្រកាសលក់ដីនោះតែម្ដង។ សុឃីម បញ្ជាក់ថា នាងត្រូវការលុយមកបង្វិល ក៏ដូចជាយកទៅវិនិយោគលើគម្រោងមួយចំនួនទៀត ពិសេសគឺអចលនទ្រព្យនេះតែម្ដង ស្របពេលបច្ចុប្បន្ននាងបាន និងកំពុងកប់លុយក្នុងអចលនទ្រព្យមួយចំនួន។
គណៈកម្មការកម្មវិធី Cambodia Got Talent 2 ថ្លែងថា៖ " ខ្ញុំត្រូវការលុយ ទៅធ្វើនេះ ធ្វើនោះទៀតណា ពិសេសគឺវិស័យអចលនទ្រព្យហ្នឹងតែម្ដង ព្រោះឥឡូវនេះខ្ញុំគិតថា វិស័យអចលនទ្រព្យនេះវាល្អអីចឹងណា!”។
ខាត់ សុឃីម សម្រេចដាក់លក់ដីទំហំ ៤០០០ការ៉េ តំបន់បឹងតាមោកជិតគម្រោងសាងសង់ផ្សារបន្លែរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងតម្លៃ ១០០ដុល្លារក្នុង១ម៉ែត្រការ៉េ។ តាមការបញ្ជាក់របស់ម្ចាស់អចលនទ្រព្យរូបនេះ ពីមុននាងក៏ធ្លាប់ដាក់លក់ដីក្នុងតំបន់នោះដែរ ប៉ុន្តែលក់ក្នុងតម្លៃផ្សេង ហើយក៏មានគេសួរនាំច្រើនដែរ តែខុសត្រូវៗគ្នាតិចតួចលើតម្លៃ។ បញ្ហានេះ នាងថា អាចថាកាលពីមុន អ្នកទិញគិតមិនដល់ថានឹងមានហាងឆេងដូចជាពេលនេះ។
ដូច្នេះហើយ នាងថា ដល់ឥឡូវភ្ជាប់ជាមួយគម្រោងបង្កើតផ្សារបន្លែដែលរើពីផ្សារដើមគរបស់រដ្ឋាភិបាល នាងមានជំនឿថា ម្ចាស់លុយដែលប្រាថ្នាដីនៅកន្លែងនោះ ក៏ដូចជាដីរបស់នាង នឹងមានចំនួនច្រើន។
អត្ថបទ៖ ទារិកា
No comments:
Post a Comment