នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីចុះធ្វើអធិការកិច្ចនូវបាតុភាពរបស់ក្រុមមន្ត្រីប៉េអឹមខេត្តព្រះសីហនុ ចុះអនុវត្តសាលដីការបស់តុលាការកំពូល ពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លី កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានការផ្ទុះអាវុធ និងប្រើហិង្សាលើប្រជាពលរដ្ឋទាំងដៃជាប់ចំណង (ចងស្លាបសេក) និងបាតុភាពមួយចំនួន ដើម្បីស្វែងរកការពិតជាក់ស្តែង។
នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ដែលចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ សៅ សុខា។
រូបភាពវីដេអូមន្ត្រីប៉េអឹមខេត្តព្រះសីហនុ ចាប់ប្រជាពលរដ្ឋចងស្លាបសេក រួចយកជើងជាន់បន្ថែមទៀតនោះ ត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង។
គណៈកម្មការចំពោះកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺមានសមាសភាពចំនួន ០៦រូប ក្នុងនោះមានប្រធានមួយរូប និងសមាជិកចំនួន ០៥រូប។ គណៈកម្មការចំពោះកិច្ចនេះ ដឹកនាំដោយលោក សៅ ចន្ទគ្រឹស្នា នាយការិយាល័យអធិការកិច្ចស្តីទី ដើម្បីចុះធ្វើអធិការកិច្ចបាតុភាពដែលបានកើតឡើង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
គណៈកម្មការនេះ នឹងជួបជាមួយអាជ្ញាធរ ស្ថាប័ន និងអង្គភាពដែលបានការពាក់ព័ន្ធ និងចេញលិខិតអញ្ជើញនាយ នាយរង និងពលអាវុធហត្ថ ព្រមទាំងអ្នកដែលពាក់ព័ន្ធមកធ្វើការសាកសួរបំភ្លឺ ដើម្បីស្រាវជ្រាវរកឲ្យឃើញការពិតជាក់ស្តែង៕
No comments:
Post a Comment