លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ [ខ្លីៗ] កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ថា ទាក់ទងនឹងករណីដែលកម្លាំងតម្រួតបទបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាំខ្លួនមន្ត្រីនគរបាលចំនួន០៥នាក់ទៅសួរនាំនោះ គឺជាកម្លាំងខាងក្រសួងមហាផ្ទៃបានចុះទៅប្រតិបត្តិការនៅខណ្ឌសែនសុខ (មិនបានសហការជាមួយកម្លាំងមូលដ្ឋាន) ដើម្បីចុះសួរនៅរោងចក្រផលិតបារីមួយ។
លោកថា៖ «សុំចូលរោងចក្រដល់ពេលខាងភាគីរោងចក្រសួរនាំរកលិខិតស្នាមអត់មាន ហើយគេអត់ឲ្យចូល ដល់មិនឲ្យចូល បានកម្លាំងនគរបាលដែលចុះទៅ នៅចាំខាងក្រៅ នៅពេលដែលឡានដឹកបារីចេញពីរោងចក្រ មកឃាត់ឡាន»។
នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា៖ «នៅពេលដែលយើងឆែកទៅនាយកដ្ឋានសេដ្ឋកិច្ច ក៏អត់ដឹង ឆែកទៅក្រុងក៏មិនដឹង អ៊ីចឹង! បានជាឲ្យកម្លាំងតម្រួតបទបញ្ជានៅជិតនឹងសួរមើលថា តើកម្លាំងខាងណា? ដល់ទៅសួរនាំ ទៅបានយើងដឹងថា កម្លាំងហ្នឹងជាកម្លាំងនៅខាងអង្គភាពប្រឆាំងផលិតផលក្លែងក្លាយ អ៊ីចឹងបានជាឲ្យបងប្អូនត្រឡប់មកវិញមក មិនមានការចាប់ឃាត់អីទេ គ្រាន់តែសួរនាំទេ»។
សូមរំលឹកថា កាលពីព្រឹកម្សិលមិញ មន្ត្រីប៉ូលិសចំនួន០៥នាក់ ដោយក្នុងនោះមានផ្កាយម្នាក់ និងកូនចៅចំនួន ៤នាក់ ដែលជាកម្លាំងរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានកម្លាំងតម្រួតបទបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាំខ្លួនយកទៅសាកសួរទាក់ទងករណីឃាត់រថយន្តដឹកបារីក្លែងក្លាយនៅចំណុចមុខឃ្លាំងបារីដ៏ធំមួយ ស្ថិតនៅផ្លូវ១០១៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសខ រាជធានីភ្នំពេញ។ បន្ទាប់ពីសាកសួររួច មន្ត្រីប៉ូលិសទាំង០៥នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅបំពេញការងារជាធម្មតាវិញ។
ការចាប់នាំខ្លួនមន្ត្រីប៉ូលិសចំនួន០៥នាក់នេះ ដោយតម្រួតបទបញ្ជា គឺបានធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ចំណែកបណ្តាញសង្គមហ្វេសប៊ុក បានយកវិដេអូ និងរូបភាពនៃការចាប់ក្រៀកប៉ូលិសផ្កាយមួយ រុញបញ្ចូលក្នុងរថយន្ត យកទៅបង្ហោះចែកចាយ និងធ្វើការអត្ថាធិប្បាយផ្សេងៗគ្នា ដោយមិនដឹងរឿងពិត និងធ្វើឲ្យមានការភាន់ច្រឡំពីសំណាក់មហាជន៕
អត្ថបទ៖ សោភា
No comments:
Post a Comment