រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា ទាក់ទិនលើករណីតារាចម្រៀងស្រីដ៏ល្បីម្នាក់ ដែលត្រូវបានខាងបក្សពួកកូនថៅកែហាងយីហោ «សមុទ្រ» ជះស្រាបៀហើយគប់កំប៉ុង មកលើកញ្ញាទេព បូព្រឹក្ស ខណៈនាងកំពុងច្រៀងនោះ គិតមកទល់ព្រឹកថ្ងៃទី២៦ ធ្នូ នេះ គឺសមត្ថកិច្ចនៅមិនទាន់បានទទួលពាក្យបណ្តឹងរបស់នាងនៅឡើយ បើទោះបីពេលកើតហេតុភ្លាមៗ នាងនិយាយថា នឹងដាក់ពាក្យប្តឹងលើបុរសបង្កនោះក្តី ។ នេះបើយោងតាមនគរបាលខណ្ឌទួលគោក បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទ នាព្រឹកថ្ងៃទី២៦ ធ្នូ នេះ ។
គួរបញ្ជាក់ថា កញ្ញាបូព្រឹក្សមានការឈឺចាប់ខឹងរហូតនាងយំស្រែកយ៉ាងខ្លាំង ដែលទង្វើមិនឱ្យតម្លៃអ្នកសិល្បៈ ជាពិសេសគឺមិនឱ្យតម្លៃគាត់ដែលជាមនុស្សស្រីម្នាក់ កើតឡើងនិងបង្កឱ្យការភ្ញាក់ផ្អើលពេញក្នុងហាងនៅវេលាម៉ោង០៩ និង៥០នាទីយប់ថ្ងៃទី២៥ ធ្នូ ស្ថិតក្នុងហាងផឹកស៊ីយីហោ «សមុទ្រ» មានទីតាំងនៅខាងជើងមន្ទីរពេទ្យកុមារជាតិ លើផ្លូវ118 សង្កាត់ទឹកល្អក់1 ខណ្ឌទួលគោក។
តាមសម្តីកញ្ញា ទេព បូព្រឹក្ស បាននិយាយទាំងទឹកភ្នែកថា «មុនកើតហេតុ គឺខាងក្រុមហ៊ុនស្រាបៀរមួយ បានអញ្ជើញគាត់ ឱ្យមកច្រៀងនៅក្នុងហាង«សមុទ្រ» នៅវេលាម៉ោង១០យប់ ។ ប៉ុន្តែនាងជិះម៉ូតូចេញពីខនសឺតរបស់ហ្គែនស្បឺតនៅកោះពេជ្រ មកដល់ហាងសមុទ្រ នៅវេលាម៉ោង៩ និង៤០នាទីយប់ ។ គាត់ត្រូវច្រៀង៦បទ ហើយនឹងជិះម៉ូតូត្រឡប់ទៅកោះពេជ្រវិញ ដើម្បីច្រៀងបិទកម្មវិធីរបស់ហ្គែនស្បឺត ។
កញ្ញាបន្តថា ពេលដែលគាត់មកដល់ អ្នករៀបចំកម្មវិធីរៀបចំឱ្យគាត់ឡើងច្រៀងមុន ព្រោះគាត់ត្រូវត្រឡប់ទៅវិញ ប៉ុន្តែខាងកូនរបស់ថៅកែចង់ចាប់ឆ្នោតផ្សងសំណាងមុន ។ ខណៈពេលអ្នករៀបចំកម្មវិធីប្រកាសឈ្មោះគាត់ឡើងច្រៀងកំពុងតែច្រៀង ស្រាប់តែកូនថៅកែហាង និងបក្សពួក បានស្រែកហ៊ោកញ្ជ្រៀវចំអក ហើយបានយកស្រាជះទៅលើគាត់ រួចថែមទាំងគប់កំប៉ុងស្រាបៀរចំនួន២កំប៉ុង ទៅលើរូបនាងទៀតធ្វើឱ្យនាងខ្មាស់គេមានការខឹងសម្បារយ៉ាងខ្លាំង ចំពោះទង្វើទាំងនេះ ដែលបានមើលងាយនាងជាអ្នកចំរៀង ក៏ដូចជាមិនអោយតម្លៃស្ត្រីខ្មែរទូទៅ ។
ភ្លាមៗ បន្ទាប់ពីកើតហេតុ នាងបានសួររកមូលហេតុ តែត្រូវជនបង្កគេចខ្លួនបាត់ នៅសល់តែស្ត្រីជាថៅកែហាងម្នាក់ចេញមុខមកសម្រួលដោយនិយាយថា «បើមិនស្តាប់គាត់ទេចុះចេញពីហាងគាត់ ដោយមិនទទួលខុសត្រូវ» ។
ទោះជាយ៉ាងណា កញ្ញា ទេព បូព្រឹក្ស មិនសុខចិត្តទេ នាងបានឡាយវីដេអូហ្វេសប៊ុក ទាមទារឱ្យជនបង្កនោះចេញមុខមកទទួលខុសត្រូវ និងធ្វើការសុំទោសនាងជាធារណៈ ។ នូវទង្វើដែលពួកគេបានធ្វើចំពោះនាងមើលងាយនាងជាអ្នកចំរៀង ។
បន្ទាប់ពីកើតហេតុ មានវត្តមានខាងឪពុក កញ្ញាទេព បូព្រឹក្ស ក៏ដូចជាលោកដេវិត ចេញមុខមកដោះស្រាយជំនួសកញ្ញា ទេព បូព្រឹក្ស សុំឱ្យខាងអ្នកគ្រប់គ្រងហាងបង្ហាញមុខជនបង្ក តែខាងអ្នកគ្រប់គ្រងហាង ថាយកលេសថា អត់ស្គាល់ព្រោះជាភ្ញៀវ ហើយខាងឪពុកកញ្ញាបានសុំឆែកមើលកាមេរ៉ាសុវត្ថិភាព តែមិនមានអ្វីយកជាការបានទេ ព្រោះសកម្មភាពនៅក្នុងកាំមេរ៉ាសុវត្ថិភាពនោះ ត្រូវខាង ហាងលុបចោលអស់ហើយ ។ ប្រភពវីដេអូដោយ ៖ R Studio
No comments:
Post a Comment