តំបន់ដែលប្រមូលផ្ដុំទៅដោយកន្លែងកម្សាន្ត និងលំហែ ២៤ ម៉ោង ដំបូងគេនៅរាជធានីភ្នំពេញ ត្រូវបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី២១ ខែមិថុនា ដែលមានឈ្មោះថា សួន Eden Garden ស្ថិតនៅចំកណ្ដាលទីក្រុងរណបថ្មី "ភ្នំពេញស៊ីធីសេនធ័រ" នាតំបន់បឹងកក់។
សួន Eden Garden ជាផ្សារទំនើបបែបសហគមន៍ ដែលជាបណ្ដុំនៃហាងទំនិញចម្រុះចំនួន ២៦កន្លែង ហាងអាហារ និងភេសជ្ជៈ កន្លែងកម្សាន្ត រោងភាពយន្ត និងក្លឹបកម្សាន្តជាដើម។
លោក ឡាវ អាឡិច នាយកក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ បានឲ្យដឹងថា Eden Garden ត្រូវបានរៀបចំឡើង ដើម្បីទាក់ទាញទាំងភ្ញៀវក្នុងស្រុក និងភ្ញៀវទេសចរបរទេស ធ្វើយ៉ាងណាអាចក្លាយជាគោលដៅទេសចរណ៍ ដែលមានឈ្មោះល្បីក្នុងរាជធានីភ្នំពេញ ដែលអាចទាក់ទាញទាំងពេលថ្ងៃ និងពេលរាត្រី។
ចំណែកលោក Faz Ghotbi នាយកគ្រប់គ្រងសួន Eden Garden បានបញ្ជាក់ដែរថា Eden Garden មានគោលបំណងចង់ក្លាយជាសួនបែបធម្មជាតិពណ៌បៃតង (សួន oasis) ដែលអាចឲ្យអតិថិជនមកលេង ទទួលទានភេសជ្ជៈ ឬម្ហូបអាហារ និងសម្រាកយកកម្លាំងជាដើម។
សូមបញ្ជាក់ថា សួន Eden Garden មានទំហំ ២ហិចតា ក្នុងគម្រោងភ្នំពេញស៊ីធីសេនធ័រ។ ភ្នំពេញស៊ីធីសេនធ័រ ជាគម្រោងអភិវឌ្ឍន៍ចម្រុះ ដែលគ្របដណ្ដប់លើផ្ទៃដី ១១១ហិចតា៕
អត្ថបទទាក់ទង៖
អត្ថបទ៖ សុខ សុវត្ថិ
No comments:
Post a Comment