នៅពេលគេនិយាយពីខេត្តតាកែវ គេរមែងនឹកឃើញដល់រសជាតិបង្កងធម្មជាតិខេត្តនេះថាឆ្ងាញ់ ហើយមួយទៀតនោះ គឺពងទាកូន ដែលល្បីល្បាញថាឆ្ងាញ់ជាងបណ្ដាខេត្តផ្សេងៗ។ ម៉្លោះហើយ ក្រុមការងារផ្លូវទៅស្រុកវគ្គ២ នឹងបង្ហាញកន្លែងភ្ញាស់ពងទាកូនមួយកន្លែង ក្នុងខេត្តនេះ ដូចខាងក្រោម៖
១. លោក សូត្រ ផល អាយុ ៤៤ឆ្នាំ ជាម្ចាស់អាជីវកម្មភ្ញាស់ពងទាកូន នៅភូមិ សាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកប្រកបរបរនេះ តាំងពីឆ្នាំ ២០០៧ មកម៉្លេះ។ នៅមុនពេលប្រកបរបរនេះ លោក សូត្រ ផល គឺជាជាងកាត់សក់ ជាងប៉ះកង់ និង ជាអ្នកស៊ីឈ្នួលដឹកពងទាឱ្យគេ។ របរចុងក្រោយនេះហើយ ដែលញ៉ាំងឱ្យលោកហ៊ានប្រថុយ មករកស៊ីភ្ញាស់ពងទាកូនលក់ដោយខ្លួនឯង និង ឈប់ស៊ីឈ្នួលគេ។ បច្ចុប្បន្ន លោក សូត្រ ផល លក់ទាំងពងទាកូន និង ទាំងកូនទា។
២. កូនប្រុសលោក សូត្រ ផល កំពុងលើកពងទា ដែលទិញបានពីកសិករនៅខេត្តកំពត ដាក់ចូលក្នុងឡាន។ ស្ទើររៀងរាល់ថ្ងៃ លោក សូត្រ ផល និងកូនប្រុស តែងដើរទិញពងទាពីកសិករ នៅតាមកសិដ្ឋាននានា ក្នុងខេត្តតាកែវ និង ខេត្តកំពត។ កសិករចិញ្ចឹមទាភាគច្រើន គឺជាម៉ូយប្រចាំរបស់លោក ហើយលោកបានផ្ដល់នូវថវិកាខ្លះៗ និង ចំណីទាជាមុន មុននឹងប្រមូលទិញ។
៣. លោក សូត្រ ផល និង កម្មករ កំពុងដាក់ពង្រាយ និងហាលពងទានៅលើកន្ទេលស្លឹកត្នោត នៅលើចិញ្ចើមផ្លូវមុខផ្ទះ។ ពងទាដែលដឹកជញ្ជូនមកដល់ផ្ទះ ត្រូវធ្វើការត្រួតពិនិត្យ និង ជ្រើសរើស។ បន្ទាប់មកត្រូវដាក់ហាលថ្ងៃមួយសន្ទុះធំ មុននឹងដាក់បញ្ចូលក្នុងទូភ្ញាស់។ ការដាក់ពងទាហាលថ្ងៃនេះ ត្រូវបានលោក សូត្រ ផល ឱ្យដឹងថា ជាវិធីមួយដែលធ្វើឱ្យពងទាកូនរបស់លោកមានរសជាតិឆ្ងាញ់ និង សម្បូរសាច់។
៤. ភរិយាយរបស់ លោក សូត្រ ផល និង ប្អូនស្រី កំពុងឆ្លុះមើលផ្នែកខាងក្នុងនៃពងទា ដោយប្រើពិល។ ពងទាដែលហាលថ្ងៃរួចហើយ ត្រូវរៀបដាក់ចូលក្នុងទូភ្ញាស់។ ៤ថ្ងៃក្រោយមក គេត្រូវយកពងទាទាំងនោះមកក្រៅ ដើម្បីពិនិត្យមើលម្តងទៀត ថាតើពងទាណាខ្លះបង្កកំណើត ឬមិនបង្កកំណើត។ ពងទាដែលមិនបង្កកំណើត ត្រូវដកចេញពីទូភ្ញាស់ ហើយដាក់លក់ដូចពងទាធម្មតា។ ឯពងទា ដែលបង្កកំណើត ត្រូវរៀបចំដាក់ចូលក្នុងទូភ្ញាស់វិញ រហូតដល់ពេលលក់ចេញបាន។
៥. បន្ទាប់ពីថ្ងៃទី ១៦ទៅ គេអាចលក់ពងទានៅក្នុងទូភ្ញាស់ឱ្យទៅអ្នកលក់ពងទាកូនបានហើយ។ ប៉ុន្តែបើគេចង់លក់ជាកូនទាវិញ គេត្រូវរង់ចាំរហូតដល់ថ្ងៃទី ២៨ ឬ ៣០ ទើបពងទា ញាស់ចេញជាកូនទាអស់។ ក្នុងអំឡុងពេលនៃការភ្ញាស់ពងទានេះ គេត្រូវឧស្សាហ៍បង្វិលពងទាចុះឡើង ដោយយ៉ាងហោចណាស់ ២ដងក្នុងមួយថ្ងៃ ដើម្បីឱ្យពងទាញាស់បានល្អ។ នៅក្នុងរូបនេះ លោក សូត្រ ផល កំពុងបង្វិលពងទា និង ពិនិត្យមើលកូនទា ដែលទើបនឹងញាស់ថ្មីៗ៕
អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក
No comments:
Post a Comment