កូរ៉េខាងជើងបានក្លាយជាប្រធានបទសំខាន់នៃមាតិកាភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោក នៅប្រមាណកន្លះទសវត្សមកនេះ ក្រោយពីលោក គីម ជុងអ៊ុន បានកាន់តំណែងជាមេដឹកនាំកំពូល ដោយលោកបានបញ្ជាបាញ់សាកល្បងមីស៊ីល និងសាកល្បងនុយក្លេអ៊ែរជាច្រើនលើក។ ប៉ុន្តែអ្វីដែលធ្វើឲ្យកូរ៉េខាងជើងកាន់តែល្បីនៅប៉ុន្មានខែចុងក្រោយនេះ គឺជំនួបជាបន្តបន្ទាប់ជាមួយមេដឹកនាំពិភពលោក មានដូចជាលោក ស៊ី ជីងពីង ប្រធានាធិបតីចិន លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។
យោងតាមសេចក្ដីរាយការណ៍មួយបញ្ជាក់ថា អំឡុងជំនួបកំពូលជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក គឺម ជុងអ៊ុន បានប្រាប់សមភាគីរបស់លោកថា គាត់ពេញចិត្តម៉ូដែលរបស់វៀតណាមជាងម៉ូដែលរបស់ចិន ព្រោះវៀតណាមបានរក្សាទំនាក់ទំនងរឹងមាំជាមួយនឹងអាមេរិក។ តើកូរ៉េខាងជើង អាចក្លាយជាវៀតណាមទី២ ទេ?
ប្រៀបធៀបរវាងកូរ៉េខាងជើងជាមួយនឹងវៀតណាម លោកស្រី Shuli Ren អ្នកជំនាញរបស់សារព័ត៌មាន Bloomberg មើលឃើញថា កូរ៉េខាងជើងមានលទ្ធភាពច្រើន ដើម្បីក្លាយជាប្រទេសបើកចំហ។ លោកស្រីថា កូរ៉េខាងជើង សព្វថ្ងៃ គឺស្រដៀងទៅនឹងប្រទេសអាស៊ាននៅឆ្នាំ១៩៨៦ នៅពេលដែលប្រទេសវៀតណាមបានដាក់ចេញគោលនយោបាយកំណែទម្រង់ Doi Moi ឆ្ពោះទៅរកសេដ្ឋកិច្ចទីផ្សារសេរី។ កូរ៉េខាងជើងប្រហែលឆ្ពោះទៅរកការចាប់ផ្ដើម ព្រោះវានឹងធ្វើកូរ៉េខាងជើងក្លាយជាប្រទេសមាន និងមានឧស្សាហកម្មទំនើប។
នៅឆ្នាំ២០១៦ កូរ៉េខាងជើងត្រូវប៉ានប្រមាណថា មានផលិតក្នុងស្រុកសរុប ៣១ពាន់លានដុល្លារ ប្រៀបនឹងវៀតណាមដែលមាន ២៦ពាន់លានដុល្លារ នៅឆ្នាំ១៩៨៦។ វិស័យកសិកម្មមានប្រមាណ ៤០% ក្នុងសេដ្ឋកិច្ចវៀតណាមនៅឆ្នាំ១៩៨៦ ប្រៀបធៀបនឹងកូរ៉េខាងជើងដែលមាន ២០% នៅឆ្នាំ២០១៦។
ក្រោយកំណែទម្រង់ វៀតណាមទទួលបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ ៧% ដែលធ្វើឲ្យប្រទេសនេះ ក្លាយជាមជ្ឈមណ្ឌលរោងចក្រ ដោយមានទំហំសេដ្ឋកិច្ចធំជាងកូរ៉េខាងជើងប្រមាណ ៦ដង នៅពេលបច្ចុប្បន្ន។ នៅឆ្នាំ២០១៧ វៀតណាមមានកំណើនសេដ្ឋកិច្ច ៦,៨% ដោយសារអ្នកវិនិយោគបរទេស ជាពិសេសការវិនិយោគរបស់ក្រុមហ៊ុន Samsung។ ចំណែកកូរ៉េខាងជើងវិញ មានកំណើនសេដ្ឋកិច្ចប្រមាណ ១%ប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ធនាគារកណ្ដាលកូរ៉េខាងត្បូង។ ប៉ុន្ដែប្រទេសវៀតណាមមានស្ថានភាពប្រជាសាស្ត្រល្អ ដោយ ៧០%នៃប្រជាជនវៀតណាម គឺស្ថិតនៅអាយុធ្វើការ ប្រៀបនឹងកូរ៉េខាងជើងមានត្រឹមតែ ៤៤%ប៉ុណ្ណោះ។
ចំណែកលោក Gareth Leather និងលោក Krystal Tan អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា កូរ៉េខាងជើងមានធនធានធម្មជាតិ និងមានតម្លៃពលកម្មទាប ដែលនេះជាសក្ដានុពលសម្រាប់សេដ្ឋកិច្ច តែក្ដីសង្ឃឹមរបស់លោក គីម ជុងអ៊ុន ចង់សម្រេចសមិទ្ធផលសេដ្ឋកិច្ចឲ្យដូចវៀតណាម គឺមានឧបសគ្គច្រើន។ វិទ្យាស្ថានស្រាវជ្រាវកូរ៉េខាងត្បូងមួយបានប៉ាន់ប្រមាណថា ធនធានរ៉ែរបស់កូរ៉េខាងជើងមានទំហំទឹកប្រាក់ប្រមាណ ១០ទ្រីលានដុល្លារ ច្រើនជាងប្រទេសកូរ៉េខាងត្បូងប្រមាណ ២០ដង។
ទោះយ៉ាងណាក៏ដោយអ្នកសេដ្ឋកិច្ចបានលើកឡើងថា ក្ដីសង្ឃឹមរបស់លោក គីម ជុងអ៊ុន ដែលចង់បើកចំហសេដ្ឋកិច្ច ប្រហែលធ្វើឡើងដោយយឺតយ៉ាវខ្លាំង ដោយសារការដកទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកូរ៉េខាងជើង លុះត្រាតែមានការរំលាយនុយក្លេអ៊ែរទាំងស្រុង។ ជាងនេះទៅទៀត ប្រសិនបើ គីម ជុងអ៊ុន បានប្ដេជ្ញារំលាយនុយក្លេអ៊ែរហើយ ថាតើមានការបើកចំហសម្រាប់អ្នកវិនិយោគពីខាងក្រៅទេ។ មូលហេតុមួយដែល គីម ជុងអ៊ុន យកវៀតណាមជាគំរូ ដោយសារតែគណបក្សកាន់អំណាចបន្ដទទួលបានការអភិវឌ្ឍសេដ្ឋកិច្ច និងរក្សាអំណាចបានយ៉ាងរឹងមាំប៉ុណ្ណោះ៕
No comments:
Post a Comment