មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង សម្រាប់ជំនួបកំពូលលើកទី២ ក្នុងខែកក្កដាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃទី១១ ខែមិថុនានេះ ដោយដកស្រង់ចេញពីកាសែតកូរ៉េខាងត្បូង Chosun Ilbo ។
សារព័ត៌មានខាងលើ បានចុះផ្សាយថា ការអញ្ជើញលោក ត្រាំ ទៅកាន់ទីក្រុងព្យុងយ៉ាង គឺមាននៅក្នុងអត្ថន័យសំបុត្រ ដែលលោក Kim Yong Chol ទីប្រឹក្សាជាន់ខ្ពស់របស់លោក គីម ជុងអ៊ុន បានប្រគល់ទៅឲ្យលោក ត្រាំ កាលពីថ្ងៃ ទី០១ មិថុនាកន្លងទៅ។
យ៉ាងណាមិញ លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី០៧ មិថុនាកន្លងទៅ ថា លោក នឹងអញ្ជើញមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅកាន់សេតវិមានអាមេរិក បើសិនជំនួបនៅសិង្ហបុរីទទួលបានជោគជ័យ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃអាទិត្យម្សិលមិញដូចគ្នា។ ហើយជំនួបកំពូលរវាងមេដឹកនាំទាំង២ នឹងត្រូវធ្វើឡើងនៅឯសណ្ឋាគារផ្កាយ៥ Capella នៅលើកោះ Sentosa របស់សិង្ហបុរី នាថ្ងៃទី១២ ខែមិថុនា ស្អែកនេះ៕ ឮ
No comments:
Post a Comment