ក្រុមឧទ្ទាមឥស្លាម Daesh បានបង្ហាញការព្រមានចំពោះការរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០១៨ ដែលនឹងធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ីជាលើកដំបូង។ សារព្រមាននេះត្រូវបានបង្ហោះចែកចាយនៅលើគណនីបណ្ដាញសង្គម Telegram របស់ក្រុម Daesh ដោយក្នុងនោះមានរូបភាពកាត់ក្បាលកីឡាករល្បីៗជាច្រើនដូចជា Cristiano Ronaldo របស់ព័រទុយហ្គាល់ និង Lionel Messi របស់អាហ្សង់ទីន ជាដើម។
ក្រៅពីរូបភាពកាប់សម្លាប់ និងដាក់ទណ្ឌកម្ម ក្រុមទន្ទាម Daesh ក៏បានបង្ហោះរូបកងកម្លាំងរបស់ខ្លួន ដែលមានបំពាក់អាវុធ និងគ្រាប់បែកពេញខ្លួននៅពហុកីឡដ្ឋាន ឬនៅជិតទីតាំងនៃការប្រកួត World Cup ក្នុងប្រទេសរុស្ស៊ី។
សូមបញ្ជាក់ថា នេះមិនមែនជាលើកដំបូងឡើយដែលក្រុមឧទ្ទាមបានគំរាមសម្លាប់កីឡាករល្បីៗដែលនឹងចូលរួមលេងនៅ World Cup។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ កីឡាករ Messi ធ្លាប់ត្រូវក្រុមឧទ្ទាមគំរាមសម្លាប់ម្ដងរួចមកហើយ។
គួររំលឹកថា រុស្ស៊ីនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ World Cup 2018 ចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដាខាងមុខ។ រដ្ឋធានី និងទីក្រុងចំនួន ១១របស់រុស្ស៊ី នឹងក្លាយជាទីកន្លែងសម្រាប់ការប្រកួតនេះ ដែលមានដូចជា រដ្ឋធានីមូស្កូ, ទីក្រុង Kaliningrad, St. Petersburg, Volgograd, Kazan, Samara, Nizhny Novgorod, Saransk, Rostov-on-Don, Sochi និងទីក្រុង Ekaterinburg៕
No comments:
Post a Comment