អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា រយៈពេលនៃការផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មី ត្រូវបានកែប្រែ តែរក្សាតម្លៃនៅដដែល ដែលនឹងត្រូវចាប់ផ្តើមអនុវត្តនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ និងប្រកាសអន្តរក្រសួងស្តីពីការកែប្រែនៃការផ្តល់លិខិតឆ្លងដែនគំរូថ្មីរបស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ បានបង្ហាញពីរយៈពេល និងតម្លៃនៃការផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មីរួមមានដូចខាងក្រោមនេះ៖
- សេវាឆាប់រហ័ស រយៈពេល១ថ្ងៃ នៃថ្ងៃធ្វើការងារសម្រាប់ការផ្តល់សេវានៅរាជធានីភ្នំពេញ លើកលែងតែនៅតាមបណ្តាសាខាលិខិតឆ្លងដែនប្រចាំខេត្ត (បាត់ដំបង បន្ទាយមានជ័យ កោះកុង) គឺមានរយៈពេល ៣ថ្ងៃ នៃថ្ងៃធ្វើការងារ ជាមួយនឹងតម្លៃ ២០០ដុល្លារ។
- សេវាឆាប់រហ័សកម្រិតមធ្យម ប្តូរពីរយៈពេល ១០ថ្ងៃ មកត្រឹម ៧ថ្ងៃ នៃថ្ងៃធ្វើការងារ ជាមួយនឹងតម្លៃ ១៥០ដុល្លារ។
- សេវាធម្មតា ប្តូរពីរយៈពេល ២០ថ្ងៃ មកត្រឹម ១៥ថ្ងៃ នៃថ្ងៃធ្វើការងារ ជាមួយនឹងតម្លៃ ១០០ដុល្លារ៕
អត្ថបទ៖ សំភី
No comments:
Post a Comment