ក្រុមបាល់ទះវិសាខា របស់កម្ពុជាបានបង្ហាញការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីផ្ដួល ក្រុមកងទ័ពជើងគោក ម្ចាស់ផ្ទះថៃនៅមុននេះ នៃវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Volleyball Tournament "Sealect Tuna" the Winner of Thailand ក្លាយជាម្ចាស់ពានរង្វាន់។
ក្រុមបាល់ទះរបស់ឯកឧត្តម ស សុខា ខាងលើនេះ បង្ហាញទម្រង់លេងយ៉ាងល្អ បន្ទាប់ពីធ្វើការប្រកួតតាំងពីវគ្គជម្រុះដំបូងរហូតមកដល់វគ្គផ្ដាច់ព្រ័ត្រ មិនស្គាល់ឡើយពាក្យថាចាញ់ បើទោះជាកីឡាករក្នុងក្រុមមួយចំនួនធំ មានការហត់នឿយ និងមានរបួសខ្លះក្ដី។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ ហាក់តឹងតែងខ្លាំងព្រោះក្រុមនីមួយៗសុទ្ធតែចង់ឈ្នះ ខណៈសមត្ថភាពកីឡាករ កាយសម្បទាក៏ល្អដូចគ្នា។ ទោះយ៉ាងនេះក្ដី ក្រុមកម្ពុជាដែលដឹកនាំដោយលោកគ្រូ សាន សុក្រិត ព្យាយាមប្រកួតយ៉ាងស្វិតស្វាញបំផុត និងកែប្រែចំណុចខ្វះខាតមួយចំនួនឡើងវិញ និងការលោតបាំង វាយសេវាបានល្អផងនោះក៏ទទួលបានជ័យជម្នះតែម្ដង។
រំលឹកដែរថា ក្រុមបាល់ទះកម្ពុជា វិសាខា ត្រូវបានអញ្ជើញឲ្យចូលរួមប្រកួតពានរង្វាន់ Volleyball Tournament "Sealect Tuna" the Winner of Thailand របស់ប្រទេសថៃ តាំងពីថ្ងៃទី៩ ខែឧសភា ២០១៨ ដោយក្រុមរបស់កម្ពុជាខាងលើ ប្រកួតឈ្នះបន្តបន្ទាប់រហូតដល់ឡើងវគ្គផ្ដាច់ព្រ័ត្រថ្ងៃនេះ ហើយផ្ដួលម្ចាស់ផ្ទះដោយលទ្ធផល ៣-០ (២៥-២១, ២៥-២១, ២៥-២០)៕
អត្ថបទ៖ នួន ស៊ីណា
No comments:
Post a Comment